ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្រុមហ៊ុនចិនចំនួន ២ បានសម្រេចចិត្តទិញដំណាប់ស្វាយកម្ពុជាចំនួន ២ម៉ឺនតោន ក្នុងឆ្នាំ ២០២៥-២០២៧ និងទុរេនកម្ពុជាចំនួន ១ម៉ឺន ៥ពាន់តោន ក្នុងឆ្នាំ ២០២៥-២០២៦ ទៅកាន់ទីផ្សារប្រទេសចិន។
ក្នុងឱកាសចូលរួមជាអធិបតីក្នុងព្រឹត្តិការផ្សព្វផ្សាយទំនិញកសិផលកម្ពុជា និងការចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត រវាងក្រុមហ៊ុនកម្ពុជា-ចិន ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រុមហ៊ុនចំនួន ២ នឹងទិញដំណាប់ស្វាយ ២ម៉ឺនតោន និងទុរេនកម្ពុជា ចំនួន ១ម៉ឺន ៥ពាន់តោន ដើម្បីនាំចេញទៅទីផ្សារចិន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលកសិកម្ម ដែលមានសក្តានុពលរបស់កម្ពុជា តាមច្រកតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទៅកាន់ទីផ្សារប្រទេសចិន ឱ្យកាន់តែទូលំទូលាយ។
លើសពីនេះ ដោយមើលឃើញគុណភាព នៃផលិតផលរបស់កម្ពុជា ក្រុមហ៊ុនចិនទាំងពីរបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ឋសាស្ត្រ ជាមួយកម្ពុជាសម្រាប់ទិញ-លក់ ដំណាប់ស្វាយកម្ពុជាចំនួន ២ម៉ឺនតោន ធ្វើឡើងចាប់ពីឆ្នាំ ២០២៥-២០២៧ និងទុរេនកម្ពុជាចំនួន ១ម៉ឺន ៥ពាន់តោន ចាប់ពីឆ្នាំ ២០២៥-២០២៦។
កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ឋសាស្ត្រសម្រាប់ទិញ-លក់កសិផលពីកម្ពុជានេះ ត្រូវបានធ្វើឡើងរវាងក្រុមហ៊ុនចំនួន ២ គឺក្រុមហ៊ុន Guangxi Xiyaya Food Co., Ltd. និងក្រុមហ៊ុន Lumisun Asian Fruits Co., Ltd. នៅទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។
សូមជម្រាបថា ការចុះកិច្ចព្រមព្រៀងនេះ នឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាងកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ វិស័យទុរេន និងដំណាប់ស្វាយរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ឯកសារ