ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥

ក្នុងរយៈពេល ៥ខែ វៀតណាម សម្រេចអតិរេកពាណិជ្ជកម្មជាង ៤,៧ពាន់លានដុល្លារ 

១០ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

នាយកដ្ឋានការិយាល័យស្ថិតិវៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ខែ វៀតណាម សម្រេចបានទំហំពាណិជ្ជកម្មជាង ៣៥៥ពាន់លានដុល្លារអាមេរិក ដោយទទួលបានអតិរេកពាណិជ្ជកម្មចំនួនជាង ៤,៧ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។នាយកដ្ឋានការិយាល័យស្ថិតិវៀតណាម បានបង្ហាញថា ការនាំចេញ-នាំចូលសរុប របស់វៀតណាម ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ ២០២៥នេះ សម្រេចបានជាង ៣៥៥ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញ មានកំណើន ១៤% និងនាំចូល មានកំណើន ១៧% ជាលទ្ធផលវៀតណាមសម្រេចអតិរេកពាណិជ្ជកម្មចំនួន ៤,៧ពាន់លានដុល្លារអាមេរិក។

 

 

នៅក្នុងខែឧសភា ប្រាក់ចំណូលពាណិជ្ជកម្មសរុបរបស់វៀតណាម ឈានដល់ ៣៩ពាន់លានដុល្លារអាមេរិក កើនឡើង ៥% បើធៀបនឹងខែមុន។ក្នុងអំឡុងខែមករា ដល់ខែឧសភា តម្លៃនៃការនាំចេញមានចំនួន ១៨០ពាន់លានដុល្លារអាមេរិក ក្នុងនោះមាន ៥០ពាន់លានដុល្លារអាមេរិកពីអាជីវកម្មក្នុងស្រុក កើនឡើង ១២% និង ១៣០ពាន់លានដុល្លារ (រួមទាំងប្រេងឆៅ) ពីក្រុមហ៊ុនវិនិយោគបរទេស កើនឡើង ១៤%។ទន្ទឹមនឹងនេះ ប្រទេសវៀតណាម បានចំណាយប្រាក់ចំនួន ១៧៥ពាន់លានដុល្លារអាមេរិកលើ ការនាំចូលក្នុងរយៈពេល ៥ខែចុងក្រោយនេះ កើនឡើង ១៧% ធៀបនឹងឆ្នាំមុន។

 

 

វិស័យក្នុងស្រុក បាននាំចូលទំនិញមានតម្លៃ ៦២ពាន់លានដុល្លារអាមេរិក កើនឡើង ១៣% ខណៈដែលតម្លៃនាំចូលរបស់វិស័យវិនិយោគបរទេសមានចំនួន ១១៣ពាន់លានដុល្លារអាមេរិក កើនឡើង ២០%។សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ខណៈ ប្រទេសចិនបានបន្តជាអ្នកផ្គត់ផ្គង់ទំនិញដ៏ធំបំផុតសម្រាប់ប្រទេសវៀតណាម ជាមួយនឹងការនាំចូលមានតម្លៃ ៦៩ពាន់លានដុល្លារអាមេរិក។

 


សូមជម្រាបថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម អះអាងធ្វើការកែលម្អយន្តការ និងគោលនយោបាយដែលមានស្រាប់ ដើម្បីជំរុញបរិយាកាសម៉ាក្រូសេដ្ឋកិច្ច ឱ្យកាន់តែអំណោយផលសម្រាប់ការនាំចេញ ជំរុញកំណើនការនាំចេញប្រកបដោយនិរន្តរភាព ធ្វើពិពិធកម្មទីផ្សារ ដើម្បីសម្រេចបាននូវទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយតុល្យភាពជាមួយដៃគូរបស់វៀតណាម៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025