ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ទិន្នន័យផ្លូវការពី រដ្ឋាភិបាលចិន បានបង្ហាញថា ពាណិជ្ជកម្មអន្តរជាតិលើទំនិញ និងសេវាកម្មរបស់ប្រទេសចិន បានឈានដល់ ២,៥ទ្រីលានដុល្លារអាមេរិក នៅក្នុងរយៈពេល ៥ខែដើមឆ្នាំ កើនឡើង ២% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិ CCTV នៅថ្ងៃនេះ។ ការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា ការនាំចេញទំនិញរបស់ប្រទេសចិន មានចំនួនប្រហែល ១,៥ទ្រីលានដុល្លារអាមេរិក ធៀបនឹងការនាំចូលទំនិញចំនួនប្រហែល ១ទ្រីលានដុល្លារ ក្នុងអំឡុងពេលនេះ ដែលបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្មប្រមាណ ៥០០ពាន់លានដុល្លារអាមេរិក។
អ្នកនាំពាក្យការិយាល័យស្ថិតិជាតិចិន បានថ្លែងថា សេដ្ឋកិច្ចរបស់ប្រទេសចិន បានរក្សាកំណើនប្រកបដោយនិរន្តរភាពចាប់តាំងពីដើមឆ្នាំមក ដោយពាណិជ្ជកម្មទំនិញនៅតែមានភាពធន់ ចំពេលមានសម្ពាធពីខាងក្រៅ ខណៈចូលដល់ខែឧសភា ការនាំចូល និងការនាំចេញរបស់ចិន បានបន្តសន្ទុះកើនឡើង ជាពិសេសការបង្កើនល្បឿនគួរឱ្យកត់សម្គាល់ បន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់ចិន-អាមេរិកស្តីពីកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ទន្ទឹមគ្នានេះ ទំនាក់ទំនងពាណិជ្ជកម្មប្រទេសចិនជាមួយ អាស៊ាន និងបណ្តាប្រទេសខ្សែក្រវាត់ និងផ្លូវ បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេល ៥ខែដំបូងនេះ។
ចាប់ពីខែមករាដល់ខែឧសភា តម្លៃនៃការនាំចូល និងនាំចេញសរុបរវាងប្រទេសចិន និងអាស៊ាន បានឈានដល់ ៤២០ពាន់លានដុល្លារអាមេរិក កើនឡើង ៩%។
ពាណិជ្ជកម្មទំនិញរបស់ប្រទេសចិន ជាមួយបណ្តាប្រទេសខ្សែក្រវាត់ និងផ្លូវ បានកើនឡើង ៤% អំឡុងពេលនេះ ខណៈទំនាក់ទំនងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប កើនឡើង ៣%។
ដោយពាណិជ្ជកម្មចិន និងអាមេរិក ធ្លាក់ចុះជាង ៨% ដល់ ២៤០ពាន់លានដុល្លារ ក្នុងអំឡុងពេល ៥ខែនេះ។សូមជម្រាបថា ការិយាល័យស្ថិតិជាតិចិន ជឿជាក់ថា ពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសចិន នឹងបន្តកើនឡើង ដោយសារតែការកាត់បន្ថយពន្ធគយយ៉ាងសំខាន់រវាងប្រទេសចិន និងសហរដ្ឋអាមេរិក និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិន ក្នុងការពង្រីកសេដ្ឋកិច្ចបើកចំហរបស់ខ្លួន៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ