ថ្ងៃច័ន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥
បងប្អូនស្រីពីរនាក់បានបំបែករបាំងប្រពៃណីសង្គមនៅប្រទេសឥណ្ឌាដោយបានចេញទៅក្រៅផ្ទះច្រើនដងក្នុងមួយសប្ដាហ៍ដើម្បីបញ្ជាយន្តហោះដ្រូនកសិកម្មក្នុងបំណងរកចំណូលបន្ថែម។
តាមធម្មតាស្ត្រីភាគច្រើនដែលរស់នៅតាមតំបន់ជនបទនៅរដ្ឋពុនចាប (Punjab) ភាគខាងជើងប្រទេសឥណ្ឌាមិនសូវជាបានចេញពីផ្ទះប៉ុន្មានទេដោយសាររបាំងប្រពៃណីសង្គម ប៉ុន្តែពេលនេះពួកគេបានចេញពីផ្ទះ និងភូមិជាច្រើនដងក្នុងមួយសប្ដាហ៍ដើម្បីបញ្ជាយន្តហោះដ្រូនសម្រាប់កសិកម្មក្រោមការបង្រៀនពីបងប្អូនស្រីពីរនាក់គឺនាង រូពីនឌ័រ កោ (Rupinder Kaur) និងនាង រ៉ាចប៊ឺ កោ (Rajbir Kaur)ដោយបានបំបែករបាំងប្រពៃណីថ្មីមួយ។
វីដេអូបានបង្ហាញអំពីបងប្អូនស្រីទាំងពីរនាក់កំពុងបញ្ជាយន្តហោះដ្រូនមួយគ្រឿងមានទម្ងន់ប្រហែល៣០គីឡូក្រាមនៅលើវាលស្រែខៀវស្រងាត់មួយកន្លែងនៅក្នុងរដ្ឋពុនចាបដោយមានការចូលរួមពីកសិករប្រុសម្នាក់ផងដែរ។
នាង រូពីនឌ័រ បាននិយាយថា ពេលនេះពលរដ្ឋនៅរដ្ឋពុនចាបបានចេញពីផ្ទះដើម្បីបញ្ជាយន្តហោះដ្រូនជួយកសិករក្នុងការបាញ់ថ្នាំសម្លាប់សត្វល្អិត និងបាចជីលើដំណាំរបស់ពួកគេ ហើយយការជួយកសិករនេះគឺស្ថិតក្រោម«កម្មវិធីជួយខ្លួនឯងសម្រាប់ស្ត្រី»របស់រដ្ឋាភិបាល។ ការងារនេះមិនត្រឹមតែជួយស្ត្រីរំដោះខ្លួនចេញពីផ្ទះបាយប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានជួយរកចំណូលបន្ថែមសម្រាប់គ្រួសារផងដែរ។
ទោះយ៉ាងណា នាង រ៉ាចប៊ឺ បាននិយាយថា វាមិនមែនជាការងារងាយស្រួលបំផុតសម្រាប់ស្ត្រីដែលធ្លាប់តែនៅក្នុងផ្ទះនោះឡើយព្រោះថាពួកគេមានទម្លាប់តែធ្វើការងារក្នុងផ្ទះដូចជាដាំស្លរ និងមើលកូនតាមប្រពៃណីសង្គមទៅហើយ ដូច្នេះហើយពួកគេមិនងាយនឹងទម្លុះរបាំងប្រពៃណីនេះដោយងាយស្រួលឡើយបើទោះជាមានការអនុញ្ញាតពីសមាជិកក្រុមគ្រួសាររបស់ពួកគេក៏ដោយ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន