ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
តារាចម្រៀងប៉ុបកាណាដា Justin Bieber និងតារាចម្រៀងស្រី Sabrina Carpenter ត្រូវបានប្រកាសថានឹងចូលរួមសម្ដែងក្នុងនាមសិល្បករនាំមុខក្នុងព្រឹត្តិការណ៍មហោស្រពតន្ត្រី Coachella ឆ្នាំ២០២៦។
កាលពីថ្ងៃទី១៦ ខែកញ្ញា មហោស្រពតន្ត្រីដ៏ពេញនិយមរបស់អាមេរិក Coachellaបានប្រកាសបញ្ជីឈ្មោះសិល្បករដែលនឹងចូលរួមសម្រាប់ព្រឹត្តិការណ៍ឆ្នាំ ២០២៦ ជាមួយនឹងផ្ទាំងរូបភាពនៅលើគេហទំព័រ និងបណ្ដាញសង្គមនានារបស់ពួកគេ ដោយមានតារាចម្រៀងល្បីៗដូចជា Justin Bieber, Sabrina Carpenter និង Karol G នឹងជាអ្នកសម្ដែងសំខាន់ ឬ Headliners។
សិល្បករសំខាន់ៗទាំងអស់នេះសុទ្ធសឹងតែធ្លាប់បានសម្តែងនៅ Coachella ពីមុន ដោយ Sabrina Carpenter បានសម្តែងកាលពីឆ្នាំមុន ខណៈតារាចម្រៀងស្រី Karol G បានសម្តែងកាលពីឆ្នាំ ២០២២ ជាមួយ Becky G និង J Balvin ។ ចំណែក Justin Bieber ដែលទើបចេញអាល់ប៊ុមថ្មីនៅឆ្នាំនេះ ធ្លាប់ចូលរួមសម្ដែងក្នុងកម្មវិធីនេះដល់ទៅ ៤ ដង។
ក្រៅពីសិល្បករ Headliners ដែលសុទ្ធតែតារាលំដាប់ៗកំពូលហើយ សិល្បករចូលរួមសម្ដែងផ្សេងទៀតក៏សុទ្ធសឹងតែល្បីឈ្មោះមិនធម្មតាដូចគ្នា មានដូចជា DJ Anyma តារាចម្រៀង Teddy Swims តារារ៉េប Young Thug ក្រុមចម្រៀងប្រុស K-pop BIGBANG និងក្រុមចម្រៀងនារី KATSYEYE ។
ព្រឹត្តិការណ៍មហោស្រពតន្ត្រី Coachella ឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅនៅទីក្រុង Indio រដ្ឋ California នៅថ្ងៃទី ១០-១២ និងថ្ងៃទី ១៧-១៩ ខែមេសា ខណៈសំបុត្រចូលរួមនឹងដាក់លក់នៅថ្ងៃទី ១៩ ខែកញ្ញានេះ។
គួរបញ្ជាក់ថា មហោស្រពតន្ត្រី Coachella គឺជាកម្មវិធីប្រគំតន្ត្រីប្រចាំឆ្នាំដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក ដោយការរៀបចំក្នុងមួយឆ្នាំៗមានអ្នកចូលរួមទស្សនារាប់សែននាក់។ តួយ៉ាង ការរៀបចំចុងក្រោយនៅឆ្នាំ២០២៥នេះ កម្មវិធីបានទាក់ទាញអ្នកចូលរួមសរុបប្រមាណពីរសែនប្រាំម៉ឺននាក់ ៕
ប្រែសម្រួល៖ វ៉ាន់ថន