ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
តារាសម្ដែងម្ចាស់ពានអូស្កា Leonardo DiCaprio បានចេញសម្ពោធស្នាដៃភាពយន្តថ្មីរបស់ខ្លួនមានចំណងជើងថា “One Battle After Another” នៅទីក្រុងឡុងដ៍។តួឯកប្រុស Titinic គឺតារាសម្ដែង Leonardo DiCaprio បានដើរលើកម្រាលព្រំក្រហមនៅទីលាន Leicester ទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៦ ខែកញ្ញា សម្រាប់ការសម្ពោធបញ្ចាំងលើកដំបូងនៅចក្រភពអង់គ្លេសសម្រាប់ភាពយន្តថ្មីរបស់លោកមានចំណងជើងថា "One Battle After Another" ។
ឈរជាមួយផ្ទៃខាងក្រៅដែលតុបតែងដូចជាសមុទ្រខ្សាច់ជាមួយរុក្ខជាតិប្លែកៗដូចជាដំបងយក្ស តារាប្រុសវ័យ ៥០ឆ្នាំរូបនេះបានជ្រើសរើសសម្លៀកបំពាក់ពណ៌ខ្មៅមួយឈុត។ក្នុងរឿងនេះលោកបានសម្ដែងជាអ្នកបដិវត្តន៍នយោបាយដែលត្រូវផ្អាកគម្រោងចូលនិវត្តន៍ នៅពេលដែលគូសត្រូវចាស់ចាប់ជំរិតកូនស្រីរបស់ខ្លួន។
ក្រៅពីតួឯកប្រុសខាងលើ តារាសម្ដែងក្នុងរឿងនេះផ្សេងទៀតរួមមាន Benicio del Toro, Sean Penn និងតារាស្រី Chase Infiniti ដែលទើបចូលសម្ដែងកុនដំបូងក្នុងរឿងនេះដោយដើរតួជាកូនស្រីរបស់ DiCaprio ។
តារាចម្រៀង និងសម្តែង Teyana Taylor ដែលដើរតួជាភរិយារបស់ DiCaprio ក៏បានចូលរួមក្នុងពិធីបញ្ចាំងលើកដំបូងនេះដែរ ព្រមជាមួយគូស្នេហ៍របស់នាងគឺតារាសម្តែងអង់គ្លេស Aaron Pierre ។
យ៉ាងណាមិញ អ្នកដឹកនាំរឿងនេះគឺលោក Paul Thomas Anderson មិនបានបង្ហាញវត្តមានលើកម្រាលព្រំក្រហមនៅថ្ងៃនោះទេ។ភាពយន្ត"One Battle After Another" នឹងចេញបញ្ចាំងនៅរោងភាពយន្តអាមេរិក និងអង់គ្លេសនៅថ្ងៃទី ២៦ ខែកញ្ញា ៕
ប្រែសម្រួល៖ វ៉ាន់ថន