ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥

ប្រធាន HYBE ចូលខ្លួនឱ្យប៉ូលិសសាកសួរករណីឆបោករាប់រយលានដុល្លារ

១៥ កញ្ញា ២០២៥ | កម្សាន្ដ

 

លោក Bang Si-hyuk ដែលជាប្រធាន និងជាស្ថាបនិកនៃក្រុមហ៊ុន K-pop HYBE បានបង្ហាញខ្លួននៅចំពោះមុខប៉ូលីសសម្រាប់ការសាកសួរលើការចោទប្រកាន់ករណីឆបោករាប់រយលានដុល្លារ។

 


ប្រធានក្រុមហ៊ុនចម្រៀង HYBE លោក Bang Si-hyuk បានបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសនៅថ្ងៃចន្ទ ទី១៥ ខែកញ្ញានេះ សម្រាប់ការសាកសួរជុំវិញការចោទប្រកាន់ថាលោកបានក្លែងបន្លំប្រតិបត្តិការភាគហ៊ុន និងទទួលបានប្រាក់ចំណេញមិនស្របច្បាប់រាប់រយលានដុល្លារ។

 


សារព័ត៌មានកូរ៉េ Yonhap បានរាយការណ៍ថា បន្ទាប់ពីការសាកសួរជាមួយប៉ូលិស និយតករហិរញ្ញវត្ថុប្រចាំប្រទេសកូរ៉េក៏បញ្ជូនលោក Bang ទៅកាន់ព្រះរដ្ឋអាជ្ញាដែរ ដើម្បីស៊ើបអង្កេតសកម្មភាពលោកក្នុងអំឡុងពេលធ្វើការចុះបញ្ជីទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន។

 


ប្រព័ន្ធផ្សព្វផ្សាយដដែលរាយការណ៍ថា មុនពេលចុះបញ្ជីទីផ្សារភាគហ៊ុន ឬ IPO កាលពីឆ្នាំ ២០២០ លោក Bang និងនាយកប្រតិបត្តិបីនាក់ទៀតត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ទីផ្សារមូលធន ដោយបាន "បោកបញ្ឆោត" វិនិយោគិននានាឱ្យលក់ភាគហ៊ុនរបស់ពួកគេឱ្យក្រុមហ៊ុនវិនិយោគដែលពួកគេបានគ្រប់គ្រង។

 

 

ប៉ូលីសសង្ស័យថាក្នុងអំឡុងពេលដំណើរការ IPO របស់ HYBE ពួកគេបានបំភាន់ម្ចាស់ភាគហ៊ុនផ្សេងទៀតឱ្យជឿថាពួកគេមិនមានផែនការចុះបញ្ជី IPO នោះទេ ហើយក៏បានជំរុញឱ្យពួកគេលក់ភាគហ៊ុនរបស់ខ្លួនទៅឱ្យក្រុមហ៊ុនមួយ។

 


ក្រោយមក HYBE បានបន្តដំណើរការចុះ IPO និងបង្កើតប្រាក់ចំណេញមិនស្របច្បាប់បានប្រហែល ៤០០ ពាន់លានវ៉ុន (២៩០ លានដុល្លារ)។សូមបញ្ជាក់ថា HYBE គឺជាក្រុមហ៊ុនចម្រៀងធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូង ដោយមានក្រុមចម្រៀងល្បីលំដាប់ពិភពលោក BTS ជាសិល្បករសំខាន់ ខណៈលោក Bang Si-hyuk គឺជាស្ថាបនិក និងម្ចាស់ភាគហ៊ុនធំជាងគេ ៕
 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025