ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
អ្នកមានជំនឿលើអាគមសាក់រាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅវត្តមួយក្នុងប្រទសថៃដើម្បីចូលរួមក្នុងពិធីបុណ្យបូជាដល់អាគមសាក់ប្រចាំឆ្នាំ និងគោរពបូជាដល់គ្រូសាក់ដ៏ល្បីល្បាញផងដែរ។
អ្នកជឿលើអាគមសាក់ក្នុងប្រទេសថៃរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅវត្ត Bang Phra (បាងប្រាក់) ក្រុង Nakhon Pathom (ណាខន ប៉ាធំ) នៅព្រឹកព្រលឹមនៅថ្ងៃសៅរ៍ទី៨ ខែមីនាសម្រាប់ពិធីបុណ្យ "Wai Khru" ជាពិធីបុណ្យប្រចាំឆ្នាំមួយដែលត្រូវបានប្រារព្ធឡើងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធព្រះសង្ឃ ហ្លួង ផ ពើន ជាគ្រូសាក់មន្តអាគមដ៏ល្បីល្បាញមួយរូប។
បានទទួលអនិច្ចកម្មនៅឆ្នាំ ២០០២ ក្នុងជន្មាយុ ៧៩ វស្សា ប៉ុន្តែព្រះសង្ឃ ហ្លួង ផ ពើន នៅតែមានអ្នកគោរពបូជាយ៉ាងខ្លាំង ជាពិសេសក្នុងពិធីប្រចាំឆ្នាំមួយនេះ។ក្នុងពិធីនោះ គេឃើញអ្នកគោរពបូជាខ្លះបានរងនូវបាតុភូតចម្លែកដែលគេជឿថាវិញ្ញាណនៃសត្វនៅក្នុងស្នាមសាក់របស់ពួកគេចូលសណ្ឋិត ដោយខ្លះរត់ ខ្លះស្រែកហ៊ោកញ្ជ្រៀវ និងបញ្ចេញកាយវិការដូចសត្វកាចៗពេញបរិវេណវត្ត។
ព្រះតេជគុណ Tuk (ទុក) ជាចៅអធិការវត្តបាងប្រាក់ មានសង្ឃដីកាថា គោលបំណងនៃការសាក់អាគមបុរាណនេះគឺចង់ដាស់តឿនមនុស្សឱ្យប្រកាន់ខ្ជាប់សីល ៥ ក្នុងជំនឿព្រះពុទ្ធសាសនា និងបង្ហាញការគោរពចំពោះមាតាបិតា និងគ្រូអាចារ្យ ដោយធ្វើអំពើល្អ។ ព្រះតេជគុណបន្ថែមថា អ្នកដែលមានអាការប្លែកៗក្នុងពិធីបុណ្យនេះគឺមានទាំងអ្នកត្រូវចូលសណ្ឋិតពិត និងសម្ដែង ខណៈអ្នកខ្លះអាចនឹងមានសុខភាព ឬស្មារតីទន់ខ្សោយ។
គួរបញ្ជាក់ថា ពលរដ្ឋថៃជាច្រើនមានជំនឿថារូបសាក់មន្តអាគមដែលគ្របដណ្តប់លើរាងកាយ អាចការពារពួកគេពីគ្រោះថ្នាក់ នាំមកនូវសំណាងល្អក្នុងការប្រកបមុខរបរ ខណៈអ្នកខ្លះជឿថាអាចព្យាបាលជំងឺថែមទៀត។
អ្នកដែលបំពានសីលប្រាំនឹងធ្វើឱ្យមន្តអាគមសាក់របស់ពួកគេសាបរលាប ប៉ុន្តែពួកគេអាចមកបួងសួងពង្រឹងអាគមឡើងវិញនៅក្នុងពិធីបុណ្យប្រចាំឆ្នាំមួយនេះ ខណៈអ្នកចូលរួមគឺតម្រូវឱ្យទិញផ្កា ធូប និងបារីមួយកញ្ចប់ រួមជាមួយបច្ច័យបូជាតាមសទ្ធាជាតង្វាយសម្រាប់គ្រូសាក់ ៕
ប្រែសម្រួល៖ វ៉ាន់ថន