ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
បវរកញ្ញា និងបុរសឯកល្បីឈ្មោះ ៥ដួងមកពី CIM Star បានចូលរួមជាមួយអង្គការ Love Without Boundaries (LWB) ដើម្បីបង្ហាញក្តីស្រលាញ់ និងផ្សព្វផ្សាយពីសារៈសំខាន់នៃការសិក្សាដល់កុមារកំព្រា និងគ្រួសាររស់នៅជុំវិញគំនរសំរាមក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។បុរសឯក និងបវរកញ្ញាល្បីឈ្មោះ ៥ដួងមកពី Cambodia International Models គ្រប់គ្រងដោយ លោក ម៉ែន និមលរតន៍ បានចុះធ្វើសកម្មភាពសប្បុរសធម៌ទៅទីតាំងផ្សេងៗគ្នា ដើម្បីផ្ដល់ការលើកទឹកចិត្តពីសារៈសំខាន់នៃការសិក្សាដល់កុមារកំព្រារស់នៅតាមគំនរសំរាមនៅខេត្ត បន្ទាយមានជ័យ។
បុរសឯក និងបវរកញ្ញាទាំង ៥រូប រួមមាន បវរកញ្ញារូបស្រស់ ហ្សូលីយ៉ា រ៉ូសស្យែល, កញ្ញា នៀន នៀន Miss Star Cambodia 2024 , លោក ជា រ៉េយម៉ុន Mr World Cambodia 2025, លោក អេង សុខហួង ហៅ Shani តារាសម្តែង និង កញ្ញា អ៊ីវ៉ា Miss Queen តំណាងខេត្តកណ្តាល បានចូលរួមជាមួយអង្គការ Love Without Boundaries (LWB) ក្នុងការនាំយកអំណោយជាសម្ភារៈសិក្សា គ្រឿងឧបភោគ បរិភោគ កង់ និងថវិកាមួយចំនួនទៅចែកជូនប្អូនៗកុមារកំព្រា គ្រួសារខ្វះខាត និងគ្រួសារដែលរស់នៅជុំវិញគំនរសំរាម នៅសាលាអ៊ីហ្ស៊ល កម្ពុជា ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។
CIM Star ទាំង ៥រូបបានបង្ហាញអារម្មណ៍រំភើបក្តុកក្តួលពេលបានចុះមកជួបផ្ទាល់ជាមួយប្អូនកុមារកំព្រានៅទីនេះ។ គ្រប់គ្នាបានបង្ហាញក្តីស្រលាញ់ទៅកាន់ប្អូន និងបានលើកទឹកចិត្តឱ្យប្អូនៗខំប្រឹងរៀន ព្រោះចំណេះវិជ្ជាជាស្ពានចម្លងឱ្យប្អូនមានអនាគតភ្លឺស្វាង។ ដើម្បីញ៉ាំងបរិយាកាសកម្មវិធីឱ្យកាន់តែសប្បាយរីករាយ CIM Star ទាំង ៥រូបបានបង្ហាញសមត្ថភាពដើរបង្ហាញម៉ូដនៅចំពោះមុខប្អូនៗ និងបានរាំលេងកម្សាន្តជាមួយគ្នាយ៉ាងសប្បាយរីករាយថែមទៀតនោះ។
ក្នុងនោះផងដែរ CIM Star ទាំង ៥រូប ក៏ភ្លេចមិនអរគុណទៅកាន់លោកស្រី អាលីហ្សា ចាន់ (Alisa Chan) ស្ថាបនិកអង្គការ Love Without Boundaries (LWB) និងសប្បុរសជនទាំងអស់ដែលបានផ្តល់កិត្តិយសឱ្យទាំងអស់គ្នាបានក្លាយជាចំណែកមួយក្នុងការងារសប្បុរសធម៌នេះ។
ក្រោយចប់កម្មវិធីសប្បុរសធម៌នៅសាលាអ៊ីហ្ស៊ល កម្ពុជា CIM Star ៥រូប ក៏ឈៀងចូលទៅទស្សនកិច្ចនៅតំបន់ចាក់សំរាម នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមួយអង្គការ Love Without Boundaries (LWB) ដើម្បីបានឃើញផ្ទាល់ភ្នែកពីការរស់នៅរបស់ប្រជាជនរស់នៅតំបន់នោះ ហើយប្រសិនមានឱកាសអ្នកទាំង ៥ នឹងត្រឡប់មកទីនេះម្តងទៀតនៅពេលក្រោយ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ដោយក្រុមការងារ CIM