ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥

២ខែដំបូង កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជិត ១០ពាន់លានដុល្លារ 

១២ មីនា ២០២៥ | សេដ្ឋកិច្ច

 

ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២៥នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជិត ១០ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៦% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ 

 

 

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល ២ខែ កម្ពុជា សម្រេចបានការនាំចេញជាង ៤ពាន់ ៤រយលានដុល្លារអាមេរិក ដែលកើនឡើង ១២% ខណៈនៅពេលដូចគ្នា ឆ្នាំ ២០២៤ កម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិជិត ៤ពាន់លានដុល្លារអាមេរិក។

 


ទាក់ទងនឹង ការនាំចូលមកវិញ កម្ពុជា បាននាំចូលទំនិញប្រមាណ ៤ពាន់ ៩រយលានដុល្លារអាមេរិក ដែលមានការកើនឡើង ប្រហែល ២០% ហើយវាបានធ្វើឲ្យ កម្ពុជា មានឱនភាពពាណិជ្ជកម្មប្រមាណ ៥រយលានដុល្លារអាមេរិក។យ៉ាងណាមិញ ចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ក្នុងអំឡុងពេលនេះ ដោយការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានទំហំ ២១៧លានដុល្លារអាមេរិក ដោយការនាំចូលមកកាន់កម្ពុជាវិញ មានដល់ទៅ ២ពាន់ ៤រយលានដុល្លារអាមេរិក ដែលធ្វើឲ្យ កម្ពុជា កើតនូវ ឱនភាពពាណិជ្ជកម្មជាង ២ពាន់ ២រយលានដុល្លារអាមេរិក។

 


រីឯ អាមេរិក ឈរនៅលំដាប់លេខ ២ ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា គិតជាទឹកប្រាក់ប្រមាណ ១ពាន់ ៦រយលានដុល្លារអាមេរិក ដោយក្នុងនោះ កម្ពុជា នាំចេញទំនិញទៅកាន់អាមេរិក ជាង ១ពាន់ ៦រយលានដុល្លារអាមេរិក ខណៈកម្ពុជា នាំចូលមកជាង ៤៨លានដុល្លារអាមេរិក។មុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក ឧបករណ៍អគ្គិសនី និងផលិតផលកង់ជាដើម។

 


សូមជម្រាបថា ក្នុងឆ្នាំ ២០២៤កន្លងទៅនេះ ប្រទេសកម្ពុជា សម្រេចបាននូវ ការនាំចេញ-នាំចូលទំនិញទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ៥៤ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៧% ដោយ កម្ពុជា សម្រេចបានការនាំចេញជាង ២៦ពាន់លានដុល្លារអាមេរិក កើនឡើង ១៥% និងការនាំចូលមកវិញ ប្រមាណ ២៨ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង ប្រហែល ១៨% ហើយវាបានធ្វើឲ្យ កម្ពុជា សម្រេចឱនភាពពាណិជ្ជកម្មប្រមាណ ២,៣ពាន់លានដុល្លារអាមេរិក៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025