ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International ហៅកាត់ថា UPI បានប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការ សេវាទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី ២ ជាផ្លូវការរវាងប្រព័ន្ធទូទាត់បាគង និងបណ្តាញទូទាត់របស់ក្រុមហ៊ុន UPI រំពឹងលើកកម្ពស់ពាណិជ្ជកម្ម និងសកម្មភាពទេសចរណ៍បន្ថែមទៀត។
នាព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International បានដាក់ឱ្យដំណើរការជាផ្លូវការ ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី២ (បាគងស្កេន UnionPay) រវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូទាត់ UnionPay របស់ក្រុមហ៊ុន UPI។
លោក Larry Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International បានលើកឡើងថា ក្រុមហ៊ុនមានសេចក្ដីសោមនស្សរីករាយក្រៃលែង ចំពោះកិច្ចសហការរវាងប្រព័ន្ធបាគង និង UnionPay ដែលបានសបញ្ជាក់ពី ការសម្រេចបាននូវជោគជ័យក្នុងការធ្វើសមាហរណកម្មប្រព័ន្ធបាគង សម្រាប់ការទូទាត់ឆ្លងដែន ក្រោយពីដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដំណាក់កាលទី ១។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា តាមរយៈការដាក់ឱ្យដំណើរការក្នុងដំណាក់កាលទី ២នេះ ប្រជាជនកម្ពុជាអាចប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធីធនាគារចល័តរបស់ខ្លួន ដើម្បីស្កេនទូទាត់តាមឃ្យូអរកូតរបស់ពាណិជ្ជករដែលទទួលការទូទាត់ UnionPay នៅប្រទេសចិន និងនៅតាមបណ្ដាប្រទេសផ្សេងទៀតដែលជាដៃគូ។
កិច្ចសហការនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងបទពិសោធន៍នៃការទូទាត់របស់ប្រជាជនកម្ពុជាឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស នៅពេលធ្វើប្រតិបត្តិការទូទាត់អន្តរជាតិ។
គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ការទូទាត់ឆ្លងដែននេះ ក៏នឹងផ្ដល់នូវកាលានុវត្តភាពសម្រាប់ការពង្រីកសកម្មភាពពាណិជ្ជកម្ម ជំរុញវិស័យទេសចរណ៍ និងបង្កើនប្រតិបត្តិការទូទាត់ឆ្លងដែន ដូចជាប្រតិបត្តិការផ្ទេរប្រាក់ផងដែរ។
សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា ប្តេជ្ញាពង្រឹងបន្ថែមទៀតនូវ សុវត្ថិភាព និងភាពងាយស្រួលនៃការទូទាត់ឆ្លងដែន ខណៈបច្ចុប្បន្ននេះ ធនាគារជាតិ បានចាប់ផ្តើមដំណើរការទូទាត់ QR code ឆ្លងដែនដោយជោគជ័យជាមួយប្រទេសថៃ ឡាវ វៀតណាម និងបណ្តាប្រទេសមួយចំនួនទៀត៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ធនាគារជាតិនៃកម្ពុជា