ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
នាយកដ្ឋានការិយាល័យស្ថិតិវៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ២ខែ វៀតណាម សម្រេចបានទំហំពាណិជ្ជកម្មជាង ១២៧ពាន់លានដុល្លារអាមេរិក ដោយទទួលបានអតិរេកពាណិជ្ជកម្មចំនួនជាង ១,៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
នាយកដ្ឋានការិយាល័យស្ថិតិវៀតណាម បានបង្ហាញថា ការនាំចេញ-នាំចូលសរុប របស់វៀតណាម ក្នុងរយៈពេល ២ខែដំបូង ឆ្នាំ ២០២៥នេះ សម្រេចបានជាង ១២៧ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញមានចំនួន ៦៤ពាន់លានដុល្លារ និងនាំចូល ៦២ពាន់លានដុល្លារ ជាលទ្ធផលវៀតណាមសម្រេចអតិរេកពាណិជ្ជកម្មចំនួន ១,៤ពាន់លានដុល្លារអាមេរិក។
សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ជាមួយនឹងចំណូលប៉ាន់ស្មានចំនួន ១៩ពាន់លានដុល្លារ ខណៈដែលប្រទេសចិន គឺជាទីផ្សារនាំចូលធំបំផុតរបស់វៀតណាម ដែលមានទឹកប្រាក់ ២៣ពាន់លានដុល្លារ។
វៀតណាម សម្រេចបានអតិរេកពាណិជ្ជកម្ម ១៧ពាន់លានដុល្លារជាមួយសហរដ្ឋអាមេរិក កើនឡើង ១៦% ធៀបនឹងឆ្នាំមុន ខណៈដែលអតិរេករបស់ខ្លួនជាមួយ សហភាពអឺរ៉ុប កើនឡើង ១៩% ដល់ ៦ ពាន់លានដុល្លារ។
ទោះបីជាយ៉ាងណាក៏ដោយ វៀតណាម បានបន្តដំណើរការឱនភាពពាណិជ្ជកម្មជាមួយដៃគូសំខាន់ៗមួយចំនួន រួមមានប្រទេសចិន ១៥ពាន់លានដុល្លារ កូរ៉េខាងត្បូង ៤ពាន់លានដុល្លារ និងអាស៊ាន ២ពាន់លានដុល្លារ។
សូមជម្រាបថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម អះអាងធ្វើការកែលម្អយន្តការ និងគោលនយោបាយដែលមានស្រាប់ ដើម្បីជំរុញបរិយាកាសម៉ាក្រូសេដ្ឋកិច្ច ឱ្យកាន់តែអំណោយផលសម្រាប់ការនាំចេញ ជំរុញកំណើនការនាំចេញប្រកបដោយនិរន្តរភាព ធ្វើពិពិធកម្មទីផ្សារ ដើម្បីសម្រេចបាននូវទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយតុល្យភាពជាមួយដៃគូរបស់វៀតណាម៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ