ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥

កម្ពុជា ទាក់ទាញគម្រោងវិនិយោគសរុបជាង ៣២១លានដុល្លារ ក្នុងខែកុម្ភៈ

១២ មីនា ២០២៥ | សេដ្ឋកិច្ច

 

ទិន្នន័យពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា វិស័យឧស្សាហកម្ម ជាវិស័យមួយដែលលេចធ្លោជាងគេ ក្នុងការទាក់ទាញគម្រោងវិនិយោគប្រមាណ ២៨៨លានដុល្លារអាមេរិក ដោយមានចំណែក ៨៩% នៃគម្រោងសរុប។

 

 

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ៤៤គម្រោង ដោយនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ២១គម្រោង និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៣គម្រោង ដោយគម្រោងទាំងអស់ មានទុនវិនិយោគសរុបប្រមាណ ៣២១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជាង ២ម៉ឺនកន្លែង

 


ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ វិនិយោគិនចិន បានគ្របដណ្តប់ទុនវិនិយោគសរុប ចំនួន ៨៦% ខណៈ ទុនវិនិយោគ មានប្រភពមកពី ប្រទេសសិង្ហបុរី មានចំនួន ១១% នៃទុនវិនិយោគសរុប។

 


គម្រោងវិនិយោគភាគច្រើន មានទីតាំងស្ថិតក្នុងខេត្តស្វាយរៀង ហើយគម្រោងវិនិយោគមួយចំនួនទៀត បានប្រមូលផ្តុំនៅ ខេត្តកោះកុង កំពង់ស្ពឺ និងរាជធានីភ្នំពេញ។

 


ដោយឡែក ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២៥នេះ កម្ពុជា ទាក់ទាញរំហូរទុនវិនិយោគប្រមាណ ១ពាន់លានដុល្លារអាមេរិក ដោយអនុម័តគម្រោងវិនិយោគសរុប ១១២គម្រោង មានការកើនឡើង ៤៣គម្រោង ប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។


សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទាក់ទាញគម្រោងវិនិយោគសរុបប្រមាណ ៤១៤គម្រោង គិតជាទឹកប្រាក់ជាង ៦,៩ពាន់លានដុល្លារអាមេរិក ដោយវិស័យឧស្សាហកម្ម ជាវិស័យលេចធ្លោជាងគេក្នុងការស្រូបទាញវិនិយោគក្នុងឆ្នាំ ២០២៤៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025