ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា កម្ពុជា ត្រៀមលក្ខណៈទាញយកសក្តានុពល នៃបញ្ញាសិប្បនិម្មិត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាសង្គម។
ក្នុងឱកាសបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី "ការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត" ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៥ បានសង្កត់ធ្ងន់ថា ភាពចាំបាច់នៃកិច្ចសហការ រវាងវិស័យឯកជន វិស័យសាធារណៈ និងតួអង្គពាក់ព័ន្ធទាំងអស់ ក្នុងការជំរុញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅកម្ពុជា ឱ្យមានលក្ខណៈបរិយាបន្ន ទំនួលខុសត្រូវ និងឆ្ពោះទៅមុខរួមគ្នា ក្នុងទិសដៅតែមួយ។
ស្ថិតក្នុងឱកាសសិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា សិក្ខាសាលាថ្នាក់ជាតិនេះ មានគោលដៅតម្រង់ទិស និងលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជំរុញកម្ពុជាឱ្យមានផលិតភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រសិទ្ធផល នៅគ្រប់ដំណើរការអភិវឌ្ឍន៍ និងវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច។
ជាមួយគ្នានេះ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានបន្ថែមថា AI ត្រូវតែអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា ដោយធានាថាគ្មានពលរដ្ឋណាត្រូវបានផាត់ចោលនោះទេ។ ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាល វិស័យធុរកិច្ច អ្នកស្រាវជ្រាវ និងជាពិសេសយុវជន ត្រូវចូលរួមឱ្យបានសកម្មក្នុងការរៀបចំយុទ្ធសាស្ត្រជាតិស្តីពី AI ដើម្បីធ្វើយ៉ាងណាឱ្យយុទ្ធសាស្ត្រនេះ មានលក្ខណៈអនុវត្តជាក់ស្តែង មានបរិយាបន្ន និងស្របតាមគោលដៅអភិវឌ្ឍន៍របស់កម្ពុជា។
លោក Joseph Scheuer បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិក្នុងការគាំទ្រកម្ពុជា ការសម្របសម្រួល និងកិច្ចសហការគឺជាគន្លឹះ ហើយគ្មានអង្គភាព ឬស្ថាប័នណាអាចអភិវឌ្ឍ AI ផ្តាច់មុខតែម្នាក់ឯងបានឡើយ ខណៈដំណាក់កាលដំបូងនៃយុទ្ធសាស្រ្តជាតិស្តីពី បញ្ញាសិប្បនិម្មិត ផ្តោតលើវិស័យសំខាន់ៗចំនួន ៨ គឺ៖ ការលើកកម្ពស់ផលិតភាពជាតិ ការបង្កើនសមត្ថភាពស្រាវជ្រាវ ការកសាងធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ការជំរុញបញ្ញាសិប្បនិម្មិតក្នុងវិស័យសាធារណៈ ការលើកកម្ពស់ចំណេះដឹងស្តីពីបញ្ញាសិប្បនិម្មិត និងការលើកកម្ពស់នវានុវត្តន៍ប្រកបដោយបរិយាបន្ន។
សូមជម្រាបថា បញ្ញាសិប្បនិម្មិត ត្រូវបានព្យាករថា នឹងជំរុញផលិតផលក្នុងស្រុករបស់អាស៊ានពី ១០% ទៅ ១៨% ឬប្រមាណ ១ ទ្រីលានដុល្លារអាមេរិក ត្រឹមឆ្នាំ ២០៣០។ ដោយទទួលស្គាល់សក្តានុពលនេះ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តួចផ្តើមការសិក្សាលើអត្ថប្រយោជន៍ ផលប៉ះពាល់ និងនិន្នាការសកលនៃបញ្ញាសិប្បនិម្មិត ដើម្បីបង្កើតយុទ្ធសាស្ត្រជាតិមួយ ដែលឆ្លើយតបតាមតម្រូវការរបស់ប្រទេសកម្ពុជា កាត់បន្ថយហានិភ័យដែលអាចកើតមាននៃបញ្ញាសិប្បនិម្មិតផងដែរ៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ