ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥

កម្ពុជាត្រូវអភិវឌ្ឍជំនាញ និងវិនិយោគលើបច្ចេកវិទ្យា ដើម្បីចាប់យកកំណើនថ្មីពីសេដ្ឋកិច្ចឌីជីថល

១១ មីនា ២០២៥ | សេដ្ឋកិច្ច

 

 រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការអភិវឌ្ឍជំនាញ និងការវិនិយោគលើបច្ចេកវិទ្យា គឺជាគន្លឹះ ក្នុងការប្រើប្រាស់សក្តានុពលមូលធនមនុស្ស របស់កម្ពុជា ដើម្បីចាប់យកកំណើនថ្មីពី សេដ្ឋកិច្ចឌីជីថល។ 

 

 

ក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ក្រោមប្រធានបទ«មូលធនមនុស្ស គន្លឹះនៃការអភិវឌ្ឍពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ» ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដូចជាបញ្ញាសប្បនិម្មិត (AI) ការធ្វើស្វ័យប្រវត្តិកម្មក្នុងខ្សែច្រវាក់ផលិតកម្ម បច្ចេកវិទ្យារ៉ូបូត និងការអប់រំ STEM គឺជាការរៀបចំកម្លាំងពលកម្មរបស់កម្ពុជា សម្រាប់ឧស្សាហកម្មថ្មីៗ និងចាប់យកកំណើនសេដ្ឋកិច្ចថ្មីតាមរយៈបច្ចេកវិទ្យា។

 


ស្ថិតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាមានប្រជាជនវ័យក្មេង សា្វហាប់ និងចូលចិត្តប្រើប្រាស់បច្ចេកវិទ្យា។ ភាគលាភប្រជាសាស្រ្តនេះ គឺជាធនធានសំខាន់របស់កម្ពុជានាពេលបច្ចុប្បន្ន ប៉ុន្តែធនធាននេះ មិននៅស្ថិតស្ថេររហូតនោះទេ ខណៈនេះជាពេលវេលាដ៏ល្អប្រសើរសម្រាប់ កម្ពុជាក្នុងការប្រើប្រាស់ ភាគលាភប្រជាសាស្រ្តឱ្យបានជាអតិបរមាសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

 


ទន្ទឹមនឹងនេះ យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានបង្ហាញថា កាលពីឆ្នាំ ២០២៤ កន្លងទៅនេះ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) នៅកម្ពុជាត្រូវបានព្យាករណ៍ថា សម្រេចបានប្រមាណ ១,១២ ពាន់លានដុល្លារ និងរំពឹងថា នឹងមានកំណើនជាប្រចាំឆ្នាំក្នុងអត្រា ១០% ដែលទំហំទឹកប្រាក់នឹងកើនដល់ ១,៨១ ពាន់លានដុល្លារនៅឆ្នាំ ២០២៩ ដែលធ្វើឱ្យកម្ពុជាជាប្រទេសក្នុងចំណោមបណ្តាប្រទេសអាស៊ានមួយចំនួនដែលកំពុងរីកចម្រើន នៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

 


លើសពីនេះ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងតំបន់អាស៊ានត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៥២% ក្នុងចន្លោះឆ្នាំ ២០២២-២០២៥ ពី ១៤២ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២ ដល់ ២១៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។ ក្នុងនោះ សម្រាប់ទីផ្សារដ៏ធំបំផុតទាក់ទងនឹងតម្លៃ និងសក្ដានុពលនៃកំណើន រួមមាន ឥណ្ឌូនេស៊ី ថៃ វៀតណាម និងហ្វីលីពីន ដោយសិង្ហបុរីនៅតែជាមជ្ឈមណ្ឌលសំខាន់សម្រាប់ប្រតិបត្តិការតម្លៃខ្ពស់ និងភស្តុភារ។

 


ជាមួយគ្នានេះ សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា កំពុងឆ្លងកាត់ការផ្លាស់ប្តូរខ្លាំងក្លាមួយ ដែលជំរុញដោយការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ការបង្កើនការទទួលយកអ្នកប្រើប្រាស់ នៃវេទិកាឌីជីថល និងការខិតខំប្រឹងប្រែងរួមគ្នាដើម្បីពង្រឹងបទប្បញ្ញត្តិ និងទិដ្ឋភាពស្ថាប័ន៕


 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025