ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
លោកស្រី អ៊ឹម សុគន្ធា ដែលជាអតីតអ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia ប្រកាសក្តែងៗព្រមានវិធានការលើកញ្ញា ប៊ី សុធារី បន្ទាប់ពីនាងប្រកាសចូលរួមប្រកួត Miss Cosmo Cambodia 2025។
ស្របពេលកញ្ញា ប៊ី សុធារី ប្រកាសដាក់ពាក្យចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Cosmo Cambodia 2025 ស្រាប់តែផ្ទុះការប្រតិកម្មខ្លាំងពីសំណាក់លោកស្រី អ៊ឹម សុគន្ធា ដែលជាអតីតអ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia រហូតធ្វើលោកស្រីព្រមានដោយសម្តីធ្ងន់ៗលើអតីតម្ចាស់មកុដ Miss Grand Cambodia 2024 ។
មុនផ្ទុះការប្រតិកម្ម កញ្ញា ប៊ី សុធារី បានប្រកាសប្រាប់ទៅអ្នកគាំទ្ររបស់ខ្លួនកាលពីម្សិលមិញថា « ជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នា ! ដូចដែលអ្នកទាំងអស់គ្នាបានឃើញនូវរូបភាព និង វិដេអូបែកធ្លាយពីការត្រឡប់មកឆាកប្រកួតម្តងទៀតក្នុងមួយរយៈនេះ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំពិតជាបានដាក់ពាក្យប្រកួត Miss Cosmo Cambodia 2025 ប្រាកដមែន ។
ពេលនេះខ្ញុំសូមក្តីស្រឡាញ់ ជំនឿចិត្ត ឱកាសពីបងប្អូនខ្មែរគ្រប់រូប ជឿជាក់លើខ្ញុំម្តងទៀត ដើម្បីឱ្យខ្ញុំបន្តដំណើរទៅមុខ ដោយយកសមត្ថភាពរបស់ខ្ញុំទៅប្រកួតដើម្បីដណ្តើមយកមកុដ Miss Cosmo Cambodia 2025 ក្នុងការតំណាង កម្ពុជា ទាំងមូលទៅលើឆាក Miss Cosmo International 2025 » ។
រំលងមិនបានប៉ុន្មានផងស្រាប់តែលោកស្រី អ៊ឹម សុគន្ធា ដែលជាអតីតអ្នកគ្រប់គ្រង់ Miss Grand Cambodia បានប្រកាសក្តែងៗថា « ថ្លើមធំណាស់ហ៊ានចូលប្រកួតរំលេងខ្ញុំផង ... មិនដឹងថាដាក់ឈ្មោះអីឱ្យចំទេ អាត្មានិយមណាស់ បើអ្នករំលងខ្ញុំបែបនេះ មិនគិតដល់ខ្ញុំ ចឹងខ្ញុំក៏មិនទុកដែរ រង់ចាំមើលថាខ្ញុំនឹងធ្វើបែបណាក្មេងឈ្លើយ »។ បន្ទាប់ពីឃើញលោកស្រី អ៊ឹម សុគន្ធារី ប្រតិកម្មខ្លាំងបែបនេះបានធ្វើឱ្យមានការរង្គោះរង្គើរខ្លាំងក្នុងវិស័យបវរកញ្ញា មហាជនជាច្រើនកំពុងរង់ចាំមើលថា តើកញ្ញា ប៊ី សុធារី អាចចូលរួមប្រកួត Miss Cosmo Cambodia តាមបំណងប្រាថ្នាខ្លួនបានឬយ៉ាងណា ?
គួររំលឹកផងដែរថា មិនត្រឹមតែកញ្ញា ប៊ី សុធារី ប៉ុណ្ណោះទេ ដែលបានទៅដាក់ពាក្យប្រកួតក្នុងកម្មវិធីបវរកញ្ញា ដោយពុំបានផ្តល់ដំណឹងទៅលោកស្រី អ៊ឹម សុគន្ធា សូម្បីកញ្ញា ផន ស្រីពីរ ត្រូវបានគេចាប់អារម្មណ៍ឃើញថា នាងបានដាក់ពាក្យទៅប្រកួតនៅក្នុងកម្មវិធី Miss Cosmo Cambodia 2025 ផងដែរ ទាំងដែលមិនបានផ្តល់ដំណឹងទៅដល់លោកស្រី អ៊ឹម សុគន្ធា ។ រង់ចាំមើលតើអតីតអ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia លោកស្រី អ៊ឹម សុគន្ធា នឹងមានចំណាត់ការក្តៅបែបណាបន្ថែមទៀតទៅលើតារាស្រីទាំងពីរដួងនេះ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន