ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥

មរណភាពតារាចម្រៀង Wheesung បង្កភាពតក់ស្លុតជាថ្មីក្នុងពិភពសិល្បៈកូរ៉េ

១១ មីនា ២០២៥ | កម្សាន្ដ

 

តារាចម្រៀងប្រុសកូរ៉េ Whee-sung ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះរបស់លោកនៅ ភាគខាងកើតទីក្រុងសេអ៊ូល ខណៈមូលហេតុនៃការស្លាប់មិនទាន់មានការបញ្ជាក់នៅឡើយ។រយៈពេលមិនដល់មួយខែបន្ទាប់ពីផ្ទុះព័ត៌មានការធ្វើអត្តឃាតរបស់តារាសម្ដែងស្រី Kim Sae-ron ពិភពសិល្បៈកូរ៉េខាងត្បូងបានរងនូវដំណឹងសោកសៅម្ដងទៀត ដោយតារាចម្រៀងប្រុស Choi Wheesung (ឆយ វីសុង) ត្រូវបានគេប្រទះឃើញស្លាប់ក្នុងផ្ទះដោយមិនដឹងមូលហេតុ។

 

 

កាលពីយប់ថ្ងៃច័ន្ទ ទី១០ ខែមីនា តារាចម្រៀងប្រុសវ័យ ៤៣ ឆ្នាំរូបនេះត្រូវបានម្ដាយរបស់លោកប្រទះឃើញស្លាប់នៅផ្ទះរបស់លោកឯភាគខាងកើតទីក្រុងសេអ៊ូល។រហូតដល់ព្រឹកថ្ងៃអង្គារ ប៉ូលីសបាននិយាយថា ពួកគេគ្រោងនឹងស្នើសុំធ្វើកោសល្យវិច័យលើសាកសពរបស់តារាចម្រៀងរូបនេះដើម្បីកំណត់ពីមូលហេតុ និងពេលវេលានៃការស្លាប់របស់លោក ព្រមទាំងបានឱ្យដឹងដែរថាពួកគេមិនបានរកឃើញសញ្ញាអ្វីខុសប្រក្រតីអ្វីនោះទេ និងកំពុងពិនិត្យមើលថាតើតារាចម្រៀងរូបនេះបានបន្សល់ទុកសំបុត្រ ឬកំណត់ត្រាអ្វីឬក៏អត់។

 


ដំណឹងមរណភាពរបស់ Wheesung បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលថ្មីៗនេះគេសង្កេតឃើញលោកនៅមានសកម្មភាពសិល្បៈនៅឡើយដោយមានគម្រោងការប្រគំតន្ត្រីជាមួយតន្ត្រីករ KCM នៅថ្ងៃទី ១៥ ខែមីនា។ យ៉ាងណាក៏ដោយ បន្ទាប់ពីការស្លាប់របស់លោក ការប្រគំតន្ត្រីត្រូវបានលុបចោល។

 


ត្រូវបានគេទទួលស្គាល់សម្រាប់សំឡេងពីរោះក្រអួនក្រអៅក្នុងបទចម្រៀងបែបមនោសញ្ចេតនា Choi Wheesung បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០២ ជាមួយអាល់ប៊ុម “Like A Movie”។ រយៈពេលប៉ុន្មានឆ្នាំក្រោយមក កេរ្តិ៍ឈ្មោះលោកហក់ឡើងកាន់តែកើនឡើងខ្លាំង នៅពេលដែលលោកបានច្រៀងបទចម្រៀងប្រភេទផ្សេងៗ ដោយមានទាំង R&B, pop និង hip-hop ។

 

 

បទចម្រៀងរបស់លោកដែលទទួលបានការគាំទ្រខ្លាំងជាងគេគឺបទ “Insomnia” ដែលចេញឆ្នាំ២០០៩។ យ៉ាងណាមិញ អាជីពរបស់ Wheesung ត្រូវរង្គោះរង្គើខ្លាំងក្នុងឆ្នាំ ២០២១ នៅពេលដែលលោកត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ថ្នាំញៀន និងត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារមួយឆ្នាំ និងព្យួរទោសរយៈពេល ២ឆ្នាំទៀត។ បន្ទាប់ពីហេតុការណ៍នោះ លោកបានត្រលប់ចូលសិល្បៈវិញ ប៉ុន្តែមិនទទួលបានការគាំទ្រទៀតនោះទេ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025