ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥

មាស សុខរតនៈ ចេញមុខត្រួសត្រាយផ្លូវឱ្យកូនស្រីទី២ ដើរតាមគន្លង មាស សុខសោភា

១០ មីនា ២០២៥ | កម្សាន្ដ

 

 

ធ្លាប់ត្រួសត្រាយផ្លូវឱ្យប្អូនស្រី មាស សុខសោភា ក្លាយជាតារាចម្រៀងល្បីឈ្មោះលំដាប់ប្រទេស ស្រាប់តែពេលនេះ មាស សុខរតនៈ ងាកមកត្រួសត្រាយផ្លូវឱ្យកូនស្រីទី២របស់ខ្លួន គឺ មាស សុខដារីនី ឱ្យដើរគន្លងសិល្បៈវិញម្តង ក្រោយមើលឃើញថា កូនស្រីម្នាក់នេះមានទេពកោសល្យសិល្បៈ និងរូបសម្រស់មិនចាញ់ម្តាយមីង។


 


កញ្ញា មាស សុខដារីនី ត្រូវបានគេស្គាល់ថា ជាកូនស្រីទី២ របស់អតីតអ្នកចាត់ការទូទៅផលិតកម្ម ថោន លោក មាស សុខរតនៈ និងត្រូវជាក្មួយស្រីបង្កើតរបស់កំពូលតារាចម្រៀងស្រី មាស សុខសោភា។ 

 

 

រយៈពេលចុងក្រោយនេះ ដារីនី រមែងបង្ហាញវត្តមានតាមកម្មវិធី និងព្រឹត្តិការណ៍សិល្បៈជាតិធំៗ រួមទាំងកម្មវិធីសិល្បៈមួយចំនួនទៀត ជាហេតុធ្វើឱ្យគ្រប់គ្នាដឹងថា យុវតីម្នាក់នេះមានដុងទេពកោសល្យ និងសមត្ថភាពសិល្បៈមិនចាញ់ម្តាយមីងរបស់នាងនោះឡើយ សូម្បីរូបសម្រស់ដ៏ស្រស់ផូរផង់គួរឱ្យចង់គយគន់។

 


 
ជួបជាមួយអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកកាលពីពេលថ្មីៗ  អ្នកនិពន្ធល្បីឈ្មោះ មាស សុខរតនៈ បានផ្តល់បទសម្ភាន៍ឱ្យដឹងថា ក្នុងចំណោមកូនទាំង ៣ របស់លោក មាស សុខដារីនី មានដុងសិល្បៈជាងគេ ហើយនាងក៏ស្រលាញ់វិស័យសិល្បៈខ្លាំង ដូច្នេះទើបលោកសម្រេចចិត្តជំរុញកូនស្រីឱ្យដើរវិថីនេះតែម្តងទៅ។ 

 

 

មិនត្រឹមតែជំរុញលើកទឹកចិត្តកូនស្រីឱ្យប្រឡូកវិស័យសិល្បៈប៉ុណ្ណោះទេ លោកក៏បានចូលខ្លួនមកត្រួសត្រាយផ្លូវដើរឱ្យកូនស្រីផងដែរ ដោយសព្វថ្ងៃលោកជាអ្នករៀបចំសព្វគ្រប់បែបយ៉ាងឱ្យកូនតែម្តង។

 


 
ក្នុងនាមឪពុក និងជាអ្នកមានបទពិសោធន៍ក្រាស់ក្រែលលើវិថីសិល្បៈ លោក មាស សុខរតនៈ ចង់ឱ្យ ដារីនី សាកល្បងប្រឡូកគ្រប់ផ្នែកនៃវិសយសិល្បៈ មិនថា ទម្រង់បុរាណ ឬសម័យ ព្រោះលោកជឿជាក់ថា បុរាណ និងសម័យមិនអាចកាត់ផ្តាច់គ្នាបានឡើយ។ក្រឡេកទៅមើលពន្លកតារាថ្មី មាស សុខដារីនី ឯណោះវិញ បានប្រាប់ឱ្យថា នាងចូលចិត្តការដើរបង្ហាញម៉ូដ និងការច្រៀង ហើយអនាគតទៅនាងចង់ក្លាយអ្នកចម្រៀងល្បីឈ្មោះដូចម្តាយមីង មាស សុខសោភា។
 


 
ទោះកូនស្រីស្ថិតក្រោមការរៀបចំ និងការត្រួសត្រាយរបស់លោក តែអ្នកនិពន្ធល្បីឈ្មោះរូបនេះ ពុំទាន់ហ៊ាននិយាយថា កូនស្រីទី២របស់លោកអាចដើរតាមគន្លងរបស់ មាស សុខសោភា ក្លាយតារាល្បីលំដាប់ប្រទេសឬយ៉ាងណាទេ ព្រោះគ្រប់យ៉ាងអាស្រ័យលើការខិតខំប្រឹងប្រែងរបស់សាម៉ីខ្លួន និងការផ្តល់ឱកាសពីអ្នកជុំវិញខ្លួន។ អ្វីដែលត្រូវធ្វើនៅពេលនេះ គឺការចង្អុលបង្ហាញឱ្យកូនស្រីដើរត្រូវផ្លូវ និងជួយសម្រួចឱ្យកូនរកឃើញពន្លឺរបស់ខ្លួនឯង៕
 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025