ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
កាន់តែធំពេញវ័យ តារាវ័យក្មេងកូនខ្មែរកាត់ រុស្ស៊ី ឌៀប កាន់តែមានទេពកោសល្យសម្តែងល្អលើសមុនទ្វេរដង ជាក់ស្តែងនៅក្នុងរឿង « កោះទ្រង់អន្លង់ស្នេហ៍ » របស់ ភីអិនអិន កំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ជាមួយនិងការសម្តែងដ៏ល្អ ។
ស្របពេលដែលកំពុងមានវត្តមានថ្មីនៅក្នុងរឿងភាគថ្មីកំពុងចាក់បញ្ចាំងទូរទស្សន៍ ភីអិនអិន « កោះទ្រង់អន្លង់ស្នេហ៍ » តារាវ័យក្មេង ឌៀប សូហ្វៀរ៉ា កាន់តែលេចធ្លោ ទទួលការគាំទ្រពីមហាជន។ ក្នុងនោះកញ្ញា ថែមទាំងប្រកាសឈប់ចាយលុយម្តាយរបស់ខ្លួនហើយ ខណៈដែលការងារសិល្បៈកាន់តែច្រើនឡើងៗ ។
កាន់តែធំពេញវ័យកញ្ញា ឌៀប សូហ្វៀរ៉ា កាន់តែស្រស់ស្អាត និងមានការវិឌ្ឍន៍ខ្លាំងនៅក្នុងវិស័យសម្តែង។ ជាក់ស្តែងថ្មីៗនេះនាងកំពុងមានវត្តមាននៅក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ ភីអិនអិន ដែលមានចំណងជើងថា « កោះទ្រង់អន្លង់ស្នេហ៍ » ដែលចូលរួមសម្តែងពីតារាល្បីៗវ័យក្មេងជាច្រើនរូបដូចជាកញ្ញា សំណាង អេលីណា និងលោក ប្រុស ខួច ជាដើមបានធ្វើឱ្យកេរ្តិ៍ឈ្មោះតារាវ័យក្មេងរូបនេះ កំពុងលេចធ្លោថែមមួយកម្រិតទៀត ពីព្រោះនាងបានផ្លាស់ប្តូរខ្លួនឯងស្ទើរតែមួយរយដឺក្រេ ។
កញ្ញា ឌៀប សូហ្វៀរ៉ា ពិតជារីករាយណាស់ដែលស្នាដៃថ្មីរបស់ខ្លួនទទួលបានការពេញចិត្ត និងចូលចិត្តច្រើនពីសំណាក់អ្នកគាំទ្រ ទោះជាយ៉ាងណានាងនៅតែនិយាយថា នាងនឹងខិតខំប្រឹងប្រែងសម្តែងឱ្យបានល្អនៅក្នុងរឿងក្រោយៗទៀត ។ជាមួយនិងការលេចមុខក្នុងរឿងថ្មីនេះតារាម៉ូដែលកូនកាត់ខ្មែរ រុស្ស៊ី ខាងលើ ក៏បានប្រកាសថា ពេលនេះនាងធំពេញវ័យហើយ ការងារក៏ច្រើនជាងមុនដែរ នាងមិនចាញ់លុយម៉ាក់ដូចមុនទេ នាងប្រឹងប្រែងរកលុយដោយកម្លាំងញើសឈាមរបស់ខ្លួន ដើម្បីទុកចំណាយលើការទិញសំភារៈផ្ទាល់ខ្លួន ថ្លៃការសិក្សា និងថ្លៃចាយវាយផ្សេងៗ ។
ឌៀប សូហ្វៀរ៉ា ថែមទាំងមានគម្រោងធំសម្រាប់ខ្លួនឯងក្នុងការទិញរថយន្តក្នុងក្តីស្រមៃខ្លួន ប៉ុន្តែពេលនេះនាងសុំសន្សំលុយសិន ។ ក្នុងឆ្នាំ២០២៥នេះ ឌៀប សូហ្វៀរ៉ា ត្រៀមនឹងទទួលការងារសម្តែងច្រើនជាងឆ្នាំមុនៗ ជាក់ស្តែងបន្ទាប់ពីមានវត្តមាននៅក្នុងរឿង « កោះទ្រង់អន្លង់ស្នេហ៍ » កំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ PNN និងមានស្នាដៃធំៗជាច្រើនទៀតត្រៀមនឹងបង្ហាញមហាជន ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន