ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ស្នាដៃទាំង១៨ផ្ទាំងរបស់វិចិត្រករសហសម័យឆ្នើម លាង ស៊ីកន និយាយពីទិដ្ឋភាពចម្រុះ « ដីមាស » នឹងត្រូវដាក់តាំងពិព័រណ៌ជាបន្តទៀត ក្រោយពីមានការស្នើសុំ និងទទួលការគាំទ្រខ្លាំងពីមហាជន ។
ស្នាដៃថ្មីរបស់វិចិត្រករសហសម័យលោក លាង ស៊ីកន ដែលបានដាក់តាំងពិព័រណ៌នាពេលកន្លងមកនឹងត្រូវដាក់តាំងពិព័រណ៌ជាបន្តទៀតរហូតដល់ចុងខែឧសភា បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីមហាជន ។ នេះជាដំណឹងល្អមួយសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិដែលពុំទាន់បានមកទស្សនាស្នាដៃថ្មីរបស់វិចិត្រករលំដាប់អន្តរជាតិរូបនេះ ។
ពិពរណ៌គំនូរស្នាដៃទាំង១៨ផ្ទាំងរបស់លោក លាង ស៊ីកន ដែលធ្វើពី ស្បែកគោ សារ៉ុង ក្រណាត់ប៉ាក់ ដេរ បិត យ៉ាងល្អឯកនោះ គឺជិតបញ្ចប់ការតាំងពិព័រណ៌ហើយនៅសារមន្ទីរជាតិ ចំណែកភ្ញៀវចូលរួមទស្សនានៅតែមានជាហូរហែរយៈពេលជិត២ខែមកនេះ ។
វិចិត្រកសហសម័យ លាង ស៊ីកន បានសម្តែងនូវអារម្មណ៍រំភើបជាខ្លាំងនៅពេលដែលគំនូរនិយាយពីទិដ្ឋភាពចម្រុះ « ដីមាស » របស់លោកទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ។
ជាមួយគ្នានេះផងដែរលោក លាង ស៊ីកន បានបង្ហើបប្រាប់ថា គំនួរនេះពិតជាទាក់ទាញនិងពេញនិយមខ្លាំងណាស់ពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ អ្នកខ្លះចូលទស្សនា ២ ទៅ៣ ដង ដោយសារការសំណូមពរច្រើនពីមហាជន ពិព័រណ៌គំនូរនេះនឹងបន្តរហូតដល់ចុងខែឧសភា ។
គួរបញ្ជាក់ផងដែរថា ស្នាដៃវិចិត្រករសហសម័យ លាង ស៊ីកន ទាំង១៨ផ្ទាំងបង្ហាញពីទិដ្ឋភាពចម្រុះនៃដែនដីសុវណ្ណភួមិតាមរយៈការតាំងពិព័រណ៌ទោលដ៏ធំប្រចាំឆ្នាំនៅក្នុងសារមន្ទីរជាតិ សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិចូលរួមទស្សនាទទួលបាននូវបទពិសោធថ្មី ។
« ដីមាស » ដែលវិចិត្រករសហសម័យ លាង ស៊ីកន បានគូសឡើងនេះ គឺចង់បង្ហាញពីមាតុភូមិកំណើត មានស្នាមដាន និងព្រលឹងវីរបុព្វបុរស ក្នុងនោះក៏មានការបង្ហាញនូវ ភូមិស្រុក វាលស្រែ ចំការ ទន្លេ បឹង ភ្នំ ខ្ពង់រាប ព្រៃឈើ កោះ ដែនសមុទ្រ ទ្រព្យសម្បត្តិលើដី ក្រោមដី និងក្នុងទឹក អ្វីទាំងអស់នេះ ជាធាតុផ្សំនៃដីមាសរបស់ខ្មែរ និងបន្តគ្រប់ជំនាន់ផ្តល់ឱ្យជីវិតរស់នៅរបស់សភាវៈនានា ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន