ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
តារាចម្រៀង និងអ្នកនិពន្ធទំនុកច្រៀងល្បីឈ្មោះ លោក ម៉ា ច័ន្ទបញ្ញា ទើបបង្ហើបឱ្យដឹងពីគោលការណ៍ខ្លះៗរបស់ខ្លួន ដោយផលិតផលក្នុងស្រុកលោកសុខចិត្តជួយប្រម៉ូតដោយឥតគិតថ្លៃ។
ទោះបីជាពេលនេះតារាចម្រៀង និងអ្នកនិពន្ធល្បីឈ្មោះ ម៉ា ច័ន្ទបញ្ញា ពុំសូវសកម្មការងារសិល្បៈខ្លាំងដូចពីមុន ប៉ុន្តែកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់លោកនៅតែល្បីល្បាញមិនចាញ់សិល្បករដ៏ទៃប៉ុន្មានឡើយ។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅ បញ្ញា ទើបត្រូវបានជ្រើសរើសជាទូតសុឆន្ទៈរបស់ផលិតផលមួយ។
ផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានសិល្បៈក្នុងស្រុក ម្ចាស់បទ «សង្សារចាស់» ល្បីកាលពីប៉ុន្មានឆ្នាំមុន បានប្រាប់ឱ្យដឹងថា លោកជាមនុស្សម្នាក់ដែលមានគោលការណ៍ច្បាស់លាស់ក្នុងការទទួលធ្វើទូតសុឆន្ទៈឱ្យផលិតផល ឬក្រុមហ៊ុនណាមួយ។ តម្លៃពលកម្មនៃការងារជារឿងសំខាន់ តែក្នុងនោះក៏ត្រូវមានគុណធម៌ និងការផ្តល់ឱ្យអ្នកប្រើប្រាស់នូវផលិតផលដ៏មានគុណភាពផងដែរ។
សម្រាប់ ម៉ា ច័ន្ទបញ្ញា ផ្ទាល់គឺលោកមានគោលការណ៍ច្បាស់លាស់ ត្រឹមត្រូវ មុនទទលធ្វើទូតសុឆន្ទៈឱ្យក្រុមហ៊ុន ឬផលិតផលអ្វីមួយ។ រឹតតែល្អិតល្អន់ជាងគេ គឺការទទួលធ្វើទូតសុឆន្ទៈឱ្យគ្រឿងស្រវឹងតែម្តង ទោះបីប្រាក់កម្រៃទទួលខ្ពស់ក៏ដោយ។
ថ្វីដ្បិតតែតារាចម្រៀងរូបនេះ កំណត់គោលការណ៍សម្រាប់ការទទួលធ្វើ BA ក្រុមហ៊ុន ឬផលិតផលក៏ពិតមែន តែលោករីករាយស្វាគមន៍ជានិច្ចចំពោះផលិតផលក្នុងស្រុក ដែលមានបំណងចង់ឱ្យលោកជួយប្រម៉ូតផ្សព្វផ្សាយដើម្បីបង្កើនទីផ្សារ។ លោកបញ្ជាក់ថា សម្រាប់ផលិតផលក្នុងស្រុក ទោះមិនមានថវិកាក៏លោកស្ម័គ្រចិត្តប្រម៉ូតឱ្យដែរ។
ក្រោយក្លាយជាទូតសុឆន្ទៈទឹកត្រចៀកកាំ ជីន ស៊ុន អ្នកនិពន្ធទំនុកច្រៀងល្បីឈ្មោះរូបនេះបានបង្ហើបឱ្យដឹងថា លោកមានគម្រោងការងារថ្មីៗជាច្រើនត្រៀមចែករំលែកឱ្យទស្សនិកជនបានឃើញឆាប់ៗនេះ ដែលក្នុងនោះមានទាំងស្នាដៃចម្រៀងថ្មី និងការងារសប្បុរសធម៌ រួមទាំងយុទ្ធនាការផ្សព្វផ្សាយផ្សេងៗផ្តល់ភាពវិជ្ជមានដល់សង្គមជាតិផងដែរ៕
អត្ថបទ៖ រ៉ា់ត ចាន់ធីតា រូបភាព៖ ហ៊ុន សុជាតា និង ភីអិនអិន