ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

វ័យក្មេងក៏ពិតមែនតែ លីង យ៉ាង យ៉ាង ប្រើសមត្ថភាពពិតៗក្រសោបមកុដអន្តរជាតិ Mini Miss Global 2025 ជូន កម្ពុជា!

១៣ កុម្ភៈ ២០២៥ | កម្សាន្ដ

 

បើទោះជាមានវ័យក្មេងក៏ពិតមែនតែបវរកញ្ញា លីង យ៉ាង យ៉ាង បានខិតខំប្រឹងប្រែងប្រកួតដោយប្រើសមត្ថភាពពិតៗរហូតឈ្នះ មកុដអន្តរជាតិ Mini Miss Global 2025 ជូន កម្ពុជា។

 

 

បវរកញ្ញាវ័យក្មេងពោរពេញដោយសមត្ថភាព និងទេពកោសល្យសិល្បៈ លីង យ៉ាង យ៉ាង ពិតមិនធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ ដោយបវរកញ្ញាកម្ពុជារូបនេះបានឈ្នះមកុដអន្តរជាតិ Mini Miss Global 2025 និងពានរង្វាន់ពិសេសចំនួន ៤ រួមមាន៖ Best National Costume Award , Social Media Award , Most Fashionista Award និង Best Interview Award ជាមុខមាត់ជូនប្រទេសកម្ពុជាយើង។ 

 

 

ផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ភីអិនអិន កូនកាត់ខ្មែរ-ចិន តៃវ៉ាន់ លីង យ៉ាងយ៉ាង ថា នាងពិតជារំភើប និងមានមោទនភាពខ្លាំងមែនទែន ដែលការខិតខំប្រឹងប្រែងរបស់នាងទទួលបាននូវផ្លែផ្កាជាទីគាប់ចិត្ត នោះគឺការឈ្នះមកុដ Mini Miss Global 2025 ក្នុងកម្មវិធី Kids & Teens Pageant Global លើកទី៣ ដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។

 

 

ដោយសារការប្រកួតមានភាពស្វិតស្វាញ រីឯបេក្ខភាពមកពីបណ្តាប្រទេសផ្សេងៗក៏សុទ្ធសឹងតែមានសមត្ថភាពខ្ពស់ ធ្វើឱ្យ យ៉ាង យ៉ាង ភ័យព្រួយតិចតួច តែនាងនៅតែធ្វើបានល្អក្នុងការប្រកួតប្រជែងនេះ រហូតអាចដណ្តើមបានមកុដជយលាភីត្រឡប់មកកម្ពុជា។ លីង យ៉ាង យ៉ាង ប្តេជ្ញាថា នឹងបំពេញតួនាទីជាម្ចាស់មកុដអន្តរជាតិឱ្យបានល្អជាទីបំផុត ហើយឆាប់ៗនេះនាងតូចគួរឱ្យស្រលាញ់នេះក៏មានគម្រោងធ្វើកម្មវិធីសប្បុរសធម៌ និងត្រៀមប្រឡូកវិស័យភាពយន្តផងដែរ។

 

 

ស្របជាមួយគ្នានោះផងដែរ លោក អ៊ិន វិចិត្រ ដែលជាអ្នករៀបចំកម្មវិធី និងដឹកនាំបវរកញ្ញារូបនេះទៅប្រកួតប្រជែងរហូតឈ្នះមកុដ បានបង្ហាញមោទភាពចំពោះបវរកញ្ញាវ័យក្មេងកម្ពុជាទាំង ៣រូប គឺ លីង យ៉ាង យ៉ាង ដែលបានឈ្នះមកុដ Mini Miss Global 2025 ពីឆាកអន្តរជាតិ , សំរិទ្ធ ប៉ូទីនដា ជយលាភី Little Miss Global 2025 និង គង់ សោមា ជយលាភី Little Miss Global 2025 ដែលបានលះបង់កម្លាំងកាយចិត្ត សុខចិត្តគេងតែ 2-3 ម៉ោងក្នុងមួយថ្ងៃ ដើម្បីប្រទេសជាតិយើង។ 

 

 

ឱ្យស័ក្កសមការលះបង់ និងការខិតខំប្រឹងប្រែងរបស់ប្អូនៗបវរកញ្ញាវ័យក្មេងកម្ពុជា លោកមានគម្រោងផែនការជាច្រើន ដែលអាចឱ្យប្អូនៗបញ្ចេញសមត្ថភាព ទេពកោសល្យសិល្បៈរបស់ពួកគេ។

 

 

គួររំឮកឱ្យដឹងផងដែរថា កុមារី លីង យ៉ាង យ៉ាង ជាបវរកញ្ញាវ័យក្មេងកម្ពុជាដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលក្រសោបបានមកុដ Mini Miss Global 2025 ពីឆាកអន្តរជាតិ ជាមួយពានរង្វាន់ពិសេសចំនួន ៤។ ពីពេលនេះ យ៉ាង យ៉ាង នឹងបំពេញតួនាទីជាម្ចាស់មកុដ Mini Miss Global 2025 ឱ្យបានល្អ ទាំងការងារក្នុងស្រុក ក៏ដូចជាការចេញទៅបំពេញការងារនៅក្រៅប្រទេសជាមួយស្ថាប័នអន្តរជាតិផងដែរ៕

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025