ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥
បើទោះជារវាងការផលិតចម្រៀង និងការថតភាពយន្តហាក់ខុសគ្នាឆ្ងាយ ហើយការថតបានជួបរឿងមិនគួរឱ្យជឿច្រើនតែតារាស្រីគ្រប់គ្នាស្គាល់តាមរយៈចង្វាក់រាំ K-POP កញ្ញា បានតាំងចិត្ត និងពុះពារដើម្បីសម្រេចគោលដៅ។
តារាចម្រៀងរូបស្រស់ដែលយុវវ័យភាគច្រើនស្គាល់តាមចង្វាក់រាំ K-POP ដ៏ពេញនិយម កញ្ញា មីណា បានបង្ហាញមុខក្នុងខ្សែភាពយន្តខ្នាតធំដំបូងរបស់ LD Entertainment «សាសនាងងឹត»។ រឿងនេះ បានសម្ភោធចាក់បញ្ចាំងជាផ្លូវការ កាលពីពេលថ្មីៗដោយរូបនាងផ្ទាល់បង្ហាញខ្លួនយ៉ាងស្រស់សោភាសម្រាប់ចូលរួមអបអរសាទរស្នាដៃភាពយន្តទី១ខ្លួនឯង។
មីណា រីករាយខ្លាំងមែនទែនដែលការខិតខំប្រឹងប្រែងរបស់ខ្លួនលេចចេញជាផ្លែផ្លា ទោះបីអំឡុងពេលថតត្រូវជួបផលលំបាកច្រើនក៏ដោយ។ វាមានគម្លាតខុសគ្នាឆ្ងាយខ្លាំងមែនទែនរវាងការថតរឿង និងការផលិតចម្រៀងដែលជាជំនាញរបស់នាង ប៉ុន្តែនាងបានខំប្រឹងអស់ពីសមត្ថភាពហើយ ដូច្នេះសង្ឃឹមថា ពុកម៉ែបងប្អូននឹងពេញចិត្តស្នាដៃនេះ។
តារាចម្រៀងពោរពេញដោយទេពកោសល្យរាំ មីណា បានលួចបង្ហើបឱ្យដឹងថា ដំបូងឡើយនាងភ្ញាក់ផ្អើលខ្លាំងណាស់ពេលឮថា ក្រុមការងារ LD ទាក់ទងមកដើម្បីថតរឿងព្រោះវាជារឿងបែបរន្ធត់ព្រឺព្រួច ដែលត្រូវចុះទៅថតនៅទីតាំងព្រៃជ្រៅដាច់ស្រយាល។
អំឡុងពេលថត មីណា មិនបានគិតអ្វីទាំងអស់ គិតតែពីផ្តោតលើការថត និងការពន្យល់របស់ផលិតករ ក្រៅពីនេះនាងសុំមិនទទួលដឹងឮឡើយ ពិសេសរឿងហេតុប្លែកចម្លែកៗដែលកើតអំឡុងពេលថត គឺនាងសុំមិនស្តាប់ការនិយាយរបស់ក្រុមការងារឡើយ ដោយសារតែនាងមនុស្សខ្លាចខ្មោច និងអរូបជាដើម។
ក្រោយបានសម្តែងរឿង «សាសនាងងឹត» តារាស្រី មីណា ដែលមានឈ្មោះពិតថា ហុង ស្រីពេជ្រ ហាក់បីដូចជាចាប់អារម្មណ៍អំពីវិស័យភាពយន្តច្រើនឡើង ហើយនាងសង្ឃឹមថា អាចនឹងមានឱកាសចូលរួមសម្តែងរឿងបន្តបន្ទាប់ទៀតផងដែរ។គួរបញ្ជាក់ថា ក្រៅពីការចាក់បញ្ចាំងតាមរោងភាពយន្តទំនើបទូទាំងប្រទេសកម្ពុជា រឿង «សាសនាងងឹត» ក៏ត្រៀមនាំយកទៅចូលរួមកម្មវិធី HONG KONG FILMART ចាប់ពីថ្ងៃទី ១៧-២០ ខែមីនា ឆ្នាំ២០២៥ នៅទីតាំង Hong Kong Convention and Exhibition Centre ថែមទៀតផង៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ហ៊ុន សុជាតា