ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥
ម្ចាស់សិប្បកម្មកែច្នៃត្រីងៀត ប្រហុក ផ្អក ជាច្រើនប្រភេទ នៅខេត្តកំពង់ចាម បានបង្ហាញពីការប្តេជ្ញាចិត្តចង់បង្កើនវិសាលភាពទីផ្សារ និងពង្រឹងគុណភាព រសជាតិ ផលិតផលស្របតាមស្តង់ដារ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងប្រកួតប្រជែងនៅលើទីផ្សារសេរីនាពេលបច្ចុប្បន្ន តាមរយៈការកែច្នៃផលិតផលត្រីទាំងនោះ ឱ្យទៅជាផលិផលស្តង់ដារ ដែលអាចលក់តាមផ្សារទំនើបនៅទីក្រុងភ្នំពេញ។
លោកស្រី ធឿន ស្រីនី ម្ចាស់សិប្បកម្មត្រីងៀត ធឿន ស្រីនី ដែលមានទីតាំងស្ថិតនៅភូមិថ្មី ឃុំសុទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានវិវត្តខ្លួនពីអ្នកបោះដុំត្រីស្រស់នៅក្នុងខេត្ត ក្លាយជាម្ចាស់សហគ្រាសផលិតត្រីងៀត ដែលអនុវត្តស្របតាមស្តង់ដាអនាម័យ និងសុខភាពជាចម្បង។ លើសពីនេះ សិប្បកម្មត្រីងៀត មានបំណងចង់ពង្រីកវិសាលភាពទីផ្សារទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស ដែលអាចចូលរួមលើកកេរ្តិ៍ឈ្មោះកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសអាចផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងតំបន់ផងដែរ។
លោកស្រី ធឿន ស្រីនី ម្ចាស់សិប្បកម្មត្រីងៀត ធឿន ស្រីនី បានឲ្យក្រុមការងារសេដ្ឋកិច្ច ភីអិនអិនដឹងថា ដំបូងឡើយលោកស្រី ត្រឹមតែជាអ្នកលក់បោះដុំត្រីស្រស់ ប៉ុន្តែដោយមានការគាំទ្រ លើកទឹកចិត្ត នឹងជំរុញពីសំណាក់បងប្អូន សាច់ញាតិ ពិសេសអតិថិជន ដែលធ្លាប់បានភ្លក់រសជាតិ នៃការប្រឡាក់ត្រីងៀតលក់ ដែលជាមុខរបរបន្ទាប់បន្សំពីការលក់ត្រីស្រស់ ទើបលោកស្រី បានវិវត្តខ្លួនពីអ្នកលក់ត្រី មកជាអ្នកកែច្នៃត្រីជាលក្ខណៈគ្រួសារមានរយៈពេលជាង ១០ឆ្នាំមកហើយ រហូតប្រែក្លាយជាសិប្បកម្មដូចពេលបច្ចុប្បន្ននេះ ខណៈសិប្បកម្មត្រីងៀតខាងលើ ផ្ដោតសំខាន់ទៅលើគុណភាព អនាម័យ សុខភាពជាចម្បង និងបំពេញតម្រូវការចង់បានរបស់អតិថិជន ធ្វើយ៉ាងណាឲ្យស្របតាមស្តង់ដារផលិតផល និងអ្នកបរិភោគមានទំនុកចិត្ត។
ម្ចាស់សិប្បកម្មត្រីងៀតរូបនេះ បានឱ្យដឹងថា ក្នុងគោលបំណងចង់ពង្រីកទីផ្សារ និងការប្រកួតប្រជែងយ៉ាងទូលាយទៅលើការនាំចេញក្រៅប្រទេស សិប្បកម្មកែច្នៃត្រីដ៏ធំមួយកន្លែងនេះ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងសមត្ថភាព គុណភាព ស្របតាមស្ដង់ដារទីផ្សារដែលបានកំណត់។ សិប្បកម្មកែច្នៃត្រីងៀតនេះ គឺបានប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដូចជា ត្រីអណ្ដែង ត្រីប្រា ត្រីឆ្តោ ដែលមានប្រភពពីស្រុកជើងព្រៃ ហើយសម្រាប់ការផលិតទៀតសោត គឺមានការសម្រិតសម្រាំងដោយយកតែប្រភេទត្រីស្រស់ៗល្អ និងព្យយាមធ្វើយ៉ាងណាអាចឱ្យសហគមន៍ មានស្ថិរភាពក្នុងការផ្គត់ផ្គង់ត្រីសម្រាប់សិប្បកម្មកែច្នៃ និងអាចផ្តល់ផលចំណេញដល់ប្រជាសហគមន៍។
លើសពីនេះ សិប្បកម្មកែច្នៃត្រីងៀតនៅខេត្តកំពង់ចាម ក៏បានជួយដល់ប្រជាពលរដ្ឋឲ្យទទួលបានការងារធ្វើក្នុងចំនួនតិចតួចផងដែរ ដើម្បីកាត់បន្ថយការចំណាកស្រុក។ ក្នុងមួយថ្ងៃ សិប្បកម្មខាងលើ បាននាំចូលត្រីស្រស់ចំនួនមួយតោនក្រោយពីសម្អាតរួច រួចរៀបចំប្រឡាក់គ្រឿងផ្សំរសជាតិដើម្បីធ្វើជាផលិតផលសម្រេច រួចបញ្ចូលទៅក្នុងផ្ទះសូឡា ឬ ផ្ទះសម្ងួតសុវត្ថិភាព។ ផ្ទះសម្ងួតនេះ ជាការគាំទ្ររបស់គម្រោងកម្មវិធី Capfish Capture តាមរយៈកម្មវិធីជំរុញកំណើនជលផលប្រកបដោយចីរភាព និងបរិយាបន្ន ក្រោមសហហិរញ្ញប្បទានដោយសហភាពអឺរ៉ុប។បន្ថែមពីលើនេះ ម្ចាស់សិប្បកម្មត្រីងៀតរូបនេះ បានបន្តថា សិប្បកម្មមានផលិតត្រីងៀត ប្រហុក ផ្អក ប្រហុកត្រីកំភ្លាញ ត្រីងៀតគ្រប់មុខ ត្រីប្រាសំយ៉ុង ត្រីប្រឡាក់ ត្រសក់ចាវ ឆៃប៉ូវ ត្រីឆ្អើរ ដែលមានការទទួលស្គាល់ពី Capfish Capture គម្រោងនេះ អនុវត្តដោយអង្គការ UNIDO ដែលផ្ដោតសំខាន់លើការកសាងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារកម្ពុជា។
តាមរយៈ Capfish Capture សិប្បកម្មមានមូលដ្ឋាននៅស្រុកជើងព្រៃ ខេត្តកំពង់ចាមនេះ បានទទួលវិញ្ញាបនប័ត្រការអនុវត្តវារីវប្បកម្មល្អ និងការអនុវត្តអនាម័យល្អ ពីរដ្ឋបាលជលផល (FiA) ក្នុងឆ្នាំ ២០២២ និងវិញ្ញាបនប័ត្រ CQS ក្នុងឆ្នាំ២០២៣ ខណៈត្រីងៀត គឺជាផលិតផលចម្បងរបស់សិប្បកម្ម ក្រៅពីនោះ សហគ្រាសក៏កែច្នៃផលិតផលប្រឡាក់ផ្អាប់ផងដែរ។ ក្នុងនោះ ចំពោះអតិថិជនដែលមកទិញភាគច្រើនជាជនជាតិខ្មែរ រស់នៅក្នុងស្រុក ហើយក៏មានអតិថិជនខ្លះមកពីក្រៅស្រុកគាំទ្រផងដែរ ដូចជា ប្រជាជនខ្មែររស់នៅអាមេរិក ជប៉ុន អូស្ត្រាលី កាណាដា និងកូរ៉េ ជាដើម ដែលតែងតែកុម្ម៉ង់ទិញជាហូរហែ។ យ៉ាងណាក៏ដោយ ជាមួយនឹងការកំណត់បាននូវកម្រិតគុណភាព រសជាតិ និងអនាម័យត្រឹមត្រូវ បច្ចុប្បន្ន សិប្បកម្មកែច្នៃត្រី ធឿន ស្រីនី ទទួលបានការគាំទ្រពីសំណាក់អតិថិជនក្នុងស្រុកច្រើនគួរសម ជាពិសេសក្រោយការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលក្នុងស្រុក ទាំងនៅតាមបណ្តាខេត្ត ទាំងនៅរាជធានីភ្នំពេញ ខណៈដែលក្រសួង ក៏ដូចជាស្ថាប័នពាក់ព័ន្ធមួយចំនួន ក៏ទទួលស្គាល់ពីកម្រិតគុណភាពផលិតផលសម្រេចរបស់សិប្បកម្ម ទាំងប្រភេទត្រីងៀត ត្រីឆ្អើរ និងប្រហុកផ្អាប់ផងដែរ។
ទន្ទឹមគ្នានេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម ក៏ដូចជាអង្គការដៃគូពាក់ព័ន្ធ និងបន្តធ្វើការជាមួយសហគ្រាសកែច្នៃផលិតផលត្រីនៅកម្ពុជាដទៃទៀត ដើម្បីធានាថាប្រតិបត្តិករជលផល បានអនុវត្តការត្រួតពិនិត្យគុណភាណ និងអនាម័យ ដើម្បីឱ្យផលិតផលជលផលមានស្តង់ដារ សុវត្ថិភាព អនុលោមតាមបទបញ្ញាត្តិជាតិ និងលក្ខខណ្ឌតម្រូវ នៃសុវត្ថិភាពម្ហូបអាហារអន្តរជាតិ។សូមជម្រាបថា ទីផ្សារត្រីងៀត មានការប្រកួតប្រជែងគ្នាខ្លាំង ជាពិសេសពាក់ព័ន្ធជាមួយបញ្ហាតម្លៃ គឺមិនអាចកំណត់ដោយខ្លួនឯងបានឡើយ អាស្រ័យទៅលើមាត់ឈ្មួញកណ្ដាលជាអ្នកដាក់ឱ្យប៉ុណ្ណោះ។ ម៉្យាងវិញទៀត នៅពេលឈានចូលដល់ខែកក្កដា និងខែសីហា ក៏មានបញ្ហាប្រឈមខ្លះដែរ ព្រោះតែពិបាកក្នុងការរកទិញត្រីមកកែច្នៃ ដែលធ្វើឱ្យតម្លៃត្រីស្រស់មានការកើនឡើងខ្ពស់ ធ្វើឱ្យខាងសិប្បកម្មប្រឈមការខាតបង់ផងដែរ។ ជាមួយគ្នានេះ ដោយសង្កេតឃើញថា នៅឆ្នាំ២០២៥ តម្រូវការទីផ្សារត្រីងៀត គឺមានភាពល្អប្រសើរ ហើយតម្រូវការមានការកើនឡើងច្រើន ចាប់តាំងពីមានការបិទព្រំដែនកម្ពុជា-ថៃ ប្រជាពលរដ្ឋចាប់ផ្តើមងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ