ថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥

សហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមតាំងបង្ហាញនូវផលិតផលអង្ករគុណភាពរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិដ៏ធំ

២៥ កញ្ញា ២០២៥ | សេដ្ឋកិច្ច

 

សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញអង្ករចំនួន ១៣ ក្រុមហ៊ុន ដើម្បីចូលរួមតាំង បង្ហាញនូវផលិតអង្ករ ដែលមានគុណភាពបំផុតរបស់កម្ពុជា ទៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិដ៏ធំជាងគេលើពិភពលោក ANUGA 2025 នៅទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់។

 

 

សហព័ន្ធស្រូវអង្ករកម្ពុជា បានប្រកាសឱ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញអង្ករ ដើម្បីចូលរួមតាំង បង្ហាញនូវផលិតអង្ករ ដែលមានគុណភាពបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុត របស់ពិភពលោក ទៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិដ៏ធំជាងគេលើពិភពលោក ដែលមានឈ្មោះថា ANUGA 2025 – International Foods Industry Trade Fair នៅទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥។ 

 


ការចូលរួមពិព័រណ៍អាហារ អន្តរជាតិ ANUGA 2025 នេះ គឺជាការចូលរួមលើកទី ២ របស់ សហព័ន្ធស្រូវអង្ករកម្ពុជា បន្ទាប់ពីការចូលរួមលើកទី ១ នៅក្នុងឆ្នាំ២០២៣ ហើយសម្រាប់ការចូលរួមលើកនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវ ពន្លាជាតិរួមមួយយ៉ាងស្រស់ស្អាត ក្នុងទំហំចំនួន ៩៦ម៉ែត្រការ៉េ។  

 


សហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ទៀតថា គោលបំណងនៃការចូលរួមនៅក្នុងព្រឹត្តិការណ៍តាំងពិរព័ណ៍នេះ គឺដើម្បីធ្វើពិពិធកម្មទីផ្សារ ដែលស្របទៅតាមគោលនបោយបាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើស្ដង់ដារ និងលក្ខខណ្ឌសុវត្ថិភាពចំណីអាហារ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការក្នុងជំរុញផលិតផលចូលទីផ្សារ និងការដាំដុះតម្រូវតាមទីផ្សារ។

 


គួររម្លឹកផងដែរថា កាលពីចុងខែសីហា ឆ្នាំ ២០២៥កន្លងទៅនេះ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០ ខណៈរាជរដ្ឋាភិបាលកម្ពុជា បន្ដចាត់ទុកវិស័យស្រូវ-អង្ករ ជាអាទិភាព ដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែ ដើម្បីធានានូវសន្តិសុខស្បៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ដើម្បីបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពប្រជាជន និង ការជំរុញកំណើនសេដ្ឋកិច្ចជាតិទៀតផង៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ
 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025