ថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥

វៀតណាម សម្រេចការនាំចេញបន្លែ ផ្លែឈើវៀតណាមជាង ១,៣ពាន់លានដុល្លារ ក្នុងខែកញ្ញា

២៥ កញ្ញា ២០២៥ | សេដ្ឋកិច្ច

 

សមាគមបន្លែ និងផ្លែឈើវៀតណាម បង្ហាញថា វៀតណាម សម្រេចការនាំចេញផ្លែឈើ និងបន្លែ ដោយរកចំណូលប្រមាណ ១,៣ពាន់លានដុល្លារក្នុងខែកញ្ញា កើនឡើង ៤១% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកំណត់ត្រាខ្ពស់បំផុត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

សមាគមបន្លែ និងផ្លែឈើវៀតណាម បានបញ្ជាក់ថា ការនាំចេញផ្លែឈើ និងបន្លែសរុប សម្រាប់រយៈពេល ៩ខែដំបូងរបស់វៀតណាម ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជាង ៦ពាន់លានដុល្លារ កើនឡើង ៨% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។

 


ខែកញ្ញា ឆ្នាំ ២០២៥ គឺជាខែដំបូងក្នុងឆ្នាំនេះ ដែលចំណូលពីការនាំចេញបន្លែ និងផ្លែឈើ មានសន្ទុះកំណើនឡើងវិញ បន្ទាប់ពីការធ្លាក់ចុះជាបន្តបន្ទាប់ជាច្រើនខែ។
ការស្ទុះងើបឡើងវិញនេះ ត្រូវបានជំរុញជាចម្បងដោយប្រទេសចិន ដែលមានប្រហែល ៦០% នៃការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាម។នៅក្នុងខែកញ្ញាតែមួយ ការនាំចេញទៅកាន់ទីផ្សារចិន បានឈានដល់ជិត ៨០០លានដុល្លារ។

 


អគ្គលេខាសមាគមបន្លែ និងផ្លែឈើវៀតណាម បានមានប្រសាសន៍ថា បើធៀបនឹងប្រទេសនាំចេញផ្សេងទៀត តម្លៃទុរេនរបស់វៀតណាមបច្ចុប្បន្នគឺថោកបំផុត និងមានការប្រកួតប្រជែងខ្លាំង ស្របតាមចំណូលចិត្តរបស់អតិថិជនចិន ចំពោះផលិតផលដែលមានតម្លៃសមរម្យ។

 


ក្រៅពីធុរេន ផ្លែឈើជាច្រើនទៀត ក៏ទទួលបានអត្ថប្រយោជន៍ផងដែរ នៅពេលរដូវរងាចាប់ផ្តើម ជារយៈពេលដែលការប្រមូលផលពិបាក នៅក្នុងប្រទេសជាច្រើន។
លើសពីនេះ អាកាសធាតុអំណោយផលរបស់វៀតណាម និងការតភ្ជាប់ផ្លូវដែក និងកំពង់ផែសមុទ្រដោយផ្ទាល់របស់វៀតណាម ជួយកាត់បន្ថយការចំណាយ និងពេលវេលាធ្វើដំណើរ។

 


គួរបញ្ជាក់ថា ដោយសារតម្រូវការពីប្រទេសចិន និងការស្ទុះងើបឡើងវិញនៃទីផ្សារសំខាន់ៗដូចជាសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន វិស័យបន្លែ និងផ្លែឈើរបស់វៀតណាម ត្រូវបានគេរំពឹងថា នឹងបន្តបង្កើតកំណត់ត្រា ដោយទំហំនៃការនាំចេញពេញមួយឆ្នាំ ទំនងជានឹងឈានដល់តម្លៃ ៨ពាន់លានដុល្លារ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ
 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025