ថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា ខ្លួនកំពុងអនុវត្តជាផ្លូវការនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជាមួយសហភាពអឺរ៉ុប ដោយបញ្ជាក់ថា អត្រាពន្ធ ១៥% សម្រាប់រថយន្ត និងគ្រឿងបន្លាស់របស់ សហភាពអឺរ៉ុប គឺបានចាប់ផ្តើមពីថ្ងៃទី 1 ខែសីហា។
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា ខ្លួនកំពុងអនុវត្តជាផ្លូវការនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ក្នុងនោះ អត្រាពន្ធ ១៥% សម្រាប់រថយន្ត និងគ្រឿងបន្លាស់រថយន្តរបស់ សហភាពអឺរ៉ុប គឺបានចាប់ផ្តើមអនុវត្ត គិតចាប់ពីថ្ងៃទី ១ ខែសីហា និងមានការចុះបញ្ជីការលើកលែងពន្ធសម្រាប់ឱសថទូទៅ យន្តហោះ និងគ្រឿងបន្លាស់យន្តហោះ។
កិច្ចព្រមព្រៀងនេះ ត្រូវបានកែប្រែជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យអត្រាពន្ធ ត្រូវបានអនុវត្តចាប់ពីថ្ងៃទី ១ ខែសីហា ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប បានរង់ចាំជាច្រើនសប្តាហ៍ សម្រាប់ការជូនដំណឹងជាផ្លូវការរបស់សហរដ្ឋអាមេរិក។
សេចក្តីជូនដំណឹងរបស់សហរដ្ឋអាមេរិក ក៏បានបញ្ជាក់ផងដែរនូវ ផលិតផលរាប់រយមុខពី សហភាពអឺរ៉ុប ដែលត្រូវបានលើកលែងពីពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ រួមទាំងធនធានធម្មជាតិដូចជា គ្រឿងបន្លាស់យន្តហោះ និងយន្តហោះទាំងអស់ និងឱសថទូទៅ ព្រមទាំងគ្រឿងផ្សំ និងសារធាតុគីមីមួយចំនួន។
ក្នុងចំណោមវត្ថុដែលនឹងត្រូវបានលើកលែងសម្រាប់អ្នកនាំចេញរបស់សហភាពអឺរ៉ុបគឺ រ៉ែក្រាហ្វិច នីកែល រ៉ែកម្រ ម៉ាញ៉េស្យូម និងលោហៈមួយចំនួនទៀត ព្រមទាំងសមាសធាតុអេឡិចត្រូនិច និងមេកានិចរាប់រយដែលត្រូវបានប្រើក្នុងការផលិតយន្តហោះ។
សម្រាប់រថយន្ត និងគ្រឿងបន្លាស់រថយន្តរបស់សហភាពអឺរ៉ុប អត្រាពន្ធបានធ្លាក់ចុះមកត្រឹម ១៥% ពី ២៥% ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែសីហា ដោយបន្ធូរបន្ថយការបារម្ភ នៅក្នុងឧស្សាហកម្មរថយន្តរបស់អឺរ៉ុប ដែលពួកគេបានរង់ចាំការបញ្ជាក់អស់រយៈពេលជាយូរ ដើម្បីធ្វើការសម្រេចចិត្ត។សូមជម្រាបថា ភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ជាច្រើន បានកើនឡើង បន្ទាប់ពីការបញ្ជាក់របស់អាមេរិក ដែលឆ្លុះបញ្ចាំងពីការធូរស្រាលលើ ការអនុវត្តជាផ្លូវការនៃពន្ធ ដែលរង់ចាំអស់រយៈពេលជិត ២ខែ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ