ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
បវរកញ្ញាវ័យក្មេងកម្ពុជា សំរិទ្ធ ប៉ូទីនដា ទើបឈ្នះមកុដថ្នាក់អន្តរជាតិ Little Miss Global 2025 ពីកម្មវិធី Kids & Teens Pageant Global ស្រាប់តែពេលនេះនាងតូចបង្ហើបក្តីស្រមៃថ្មីលើឆាកអន្តរជាតិបន្ត។
ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយបេក្ខភាពជើងខ្លាំងមកពីបណ្តាប្រទេសជាច្រើន ទីបំផុតបវរកញ្ញាវ័យក្មេងកម្ពុជា សំរិទ្ធ ប៉ូទីនដា បានឈ្នះមកុដ Little Miss Global 2025 ពីកម្មវិធី Kids & Teens Pageant Global ដែលបានរៀបចំឡើងនៅទឹកដីប្រទេសម៉ាឡេស៊ី កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។
នេះជាលើកទី២ ដែលបវរកញ្ញាវ័យក្មេងកម្ពុជាយើងបានឈ្នះមកុដលំដាប់អន្តរជាតិ Little Miss Global។ ក្នុងនោះ បវរកញ្ញាវ័យក្មេង ឆដា មុនីនាថ បានឈ្នះមកុដ Little Miss Global 2023 , ឆេង លីហ្សា បានឈ្នះជយលាភីលំដាប់រងទី២ Little Miss Global 2024 ហើយឆ្នាំនេះ សំរិទ្ធ ប៉ូទីនដា បានបំណែកកំណត់ត្រាសម្រាប់កម្ពុជាម្តងទៀត ដោយនាងបានឈ្នះ Little Miss Global 2025។
ជួបជាមួយអ្នកសារព័ត៌មានជីវិតកម្សាន្តភីអិនអិន ក្នុងថ្ងៃត្រឡប់មកកម្ពុជាវិញ ប៉ូទីនដា បានបង្ហាញអារម្មណ៍រំភើប និងមោទនភាពក្រៃលែង ដែលខ្លួនបានឈ្នះមកុដលំដាប់អន្តរជាតិនេះ ធ្វើឱ្យទង់ជាតិប្រទេសកម្ពុជារះត្រដែតឡើងលើឆាកអន្តរជាតិ។
មែនទែនទៅ វាមិនមែនជារឿងងាយស្រួលទេ ដែលយើងអាចដណ្តើមមកុដកម្មវិធីអន្តរជាតិ ប៉ុន្តែដោយសារការត្រៀមខ្លួនយ៉ាងល្អ ការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ រួមទាំងជំនឿចិត្ត ភាពជឿជាក់លើខ្លួនឯង គួបផ្សំការជំរុញលើកទឹកចិត្តពីក្រុមគ្រួសារ និងអ្នកជុំវិញខ្លួន ធ្វើឱ្យនាងតូចរូបនេះអាចឈ្នះមកុដ Little Miss Global 2025។
ពីពេលនេះ ប៉ូទីនដា នឹងប្រត្តិបត្តខ្លួនឱ្យល្អឱ្យស័ក្កសមតំណែងជាម្ចាស់មកុដលំដាប់អន្តរជាតិ និងឆ្លៀតពេលធ្វើកម្មវិធីសប្បុរសធម៌មួយចំនួនផងដែរ។ ម្ចាស់មកុដរូបនេះ នឹងចូលរួមការងារសិល្បៈផ្សេងៗតាមដែលអាចធ្វើទៅបាន ដើម្បីសម្រេចក្តីស្រមៃបន្ទាប់ទៀតរបស់នាង៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក