ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
ចូលរួមសម្តែងភាពយន្តលើកទី១ដូចគ្នា ស្រីស្អាត កូនអាន និងតារាចម្រៀងរូបស្រស់ មីណា ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់ៗគ្នាក្នុងរឿង «សាសនាងងឹត» ដែលឆ្លុះបញ្ចាំងពីអបិយជំនឿដ៏គួរឱ្យខ្លាចអំពីពិធីសង្កត់វិញ្ញាណមនុស្ស។
ទីបំផុតការទន្ទឹងរង់ចាំរបស់ប្រិយមិត្តទស្សនិកជនត្រូវបានបញ្ចប់ហើយ វណ្ណកម្មស្នាដៃភាពយន្តថ្មីរបស់ LD Entertainment ចំណងជើង «សាសនាងងឹត» ត្រូវបានសម្ភោធចាក់បញ្ចាំងជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី៣ ខែមីនា ម្សិលមិញ នៅផ្សារទំនើប K Mall។
រឹតតែគួរឱ្យចាប់អារម្មណ៍ខ្លាំង រឿង «សាសនាងងឹត» ជាស្នាដៃភាពយន្តដំបូងដែលនាថការីរបាំបុរាណដ៏ល្បី កញ្ញា សុខគា គីមលាង ហៅ កូនអាន និងតារាចម្រៀងល្បីឈ្មោះក្នុងវិស័យ K-POP នៅកម្ពុជា កញ្ញា ហុង ស្រីពេជ្រ ហៅ មីណា ចូលរួមសម្តែងជាមួយតារាភាពយន្តល្បីៗដទៃទៀត។
លោក លៀក លីណា អ្នកចាត់ការទូទៅផលិតកម្ម LD Entertainment ឱ្យដឹងថា រឿង «សាសនាងងឹត» មិនត្រឹមតែផ្តល់ភាពកម្សាន្តដល់ចំណីចក្ខុទស្សនិកជនអ្នកនិយមទស្សនារឿងរន្ធត់ព្រឺព្រួចប៉ុណ្ណោះទេ តែវាក៏បង្កប់អត្ថន័យអប់រំដល់ការរស់នៅប្រចាំថ្ងៃផងដែរ។ លោកជឿជាក់ថា វត្តមានរបស់សិល្បការនីល្បីឈ្មោះ មីណា និង កូនអាន ក្នុងសាច់រឿងនេះ នឹងជួយជំរុញឱ្យខ្សែភាពយន្តខ្នាតធំនេះរឹតតែមានរសជាតិថែមមួយកម្រិតទៀត។
ដ្បិតនេះជាស្នាដៃភាពយន្តលើកដំបូង កូនអាន និង មីណា តែថ្វីដៃសម្តែងរបស់អ្នកទាំងពីរពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំង។ តាមគម្រោងរឿង «សាសនាងងឹត» ក្រៅពីការចាក់បញ្ចាំងនៅរោងភាពយន្តក្នុងស្រុក រឿងនេះក៏គ្រោងនាំយកទៅចាក់បញ្ចាំងនៅរោងភាពយន្តនៅបណ្តាប្រទេសក្នុងតំបន់មួយចំនួនផងដែរ។
ដោយឡែក កូនអាន និង មីណា ក្នុងថ្ងៃសម្ភោធរឿង «សាសនាងងឹត» អ្នកទាំងពីរសុទ្ធតែអះអាងថា សាច់រឿងនេះពិតជាថ្មីប្លែក ព្រោះវាឆ្លុះបញ្ចាំងពីអបិយជំនឿដ៏គួរឱ្យខ្លាចអំពីពិធីសង្កត់វិញ្ញាណមនុស្សស្រីមានភ្នែកទី៣ គួបផ្សំការសម្រិតសម្រាំងបច្ចេកទេស និងប្លង់ថតបែបរន្ធត់ៗ ធ្វើឱ្យស្រីស្អាតទាំង២រូបហ៊ានដាក់ក្តីរំពឹងខ្ពស់លើស្នាដៃភាពយន្តដំបូងនេះ។ សូម្បីតែ លោក ឃឹម ហ្សានីត និងតួអង្គក្មេងស្រីក្នុងរឿងនេះក៏សរសើរពីការសម្តែងរបស់ កូនអាន និង មីណា ពេញៗមាត់។
រឿង «សាសនាងងឹត» ឬ «The Last home» នឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទាំងអស់ទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ តទៅ នឹងត្រៀមនាំយកទៅចូលរួមកម្មវិធី HONG KONG FILMART ចាប់ពីថ្ងៃទី ១៧-២០ ខែមីនា ឆ្នាំ២០២៥ នៅទីតាំង Hong Kong Convention and Exhibition Centre៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ហ៊ុន សុជាតា