ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

អាកាសចរណ៍ស៊ីវិលកម្ពុជា នឹងជំរុញកំណើនអ្នកដំណើរតាមផ្លូវអាកាស ឱ្យបាន ៧,៥លាននាក់ក្នុងឆ្នាំ២០២៥

១៣ មីនា ២០២៥ | សេដ្ឋកិច្ច

 

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានដាក់ផែនការជំរុញការសម្រេចឱ្យបាននូវ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសចំនួន ៧,៥លាននាក់ និង ទំនិញចំនួន ៨០ពាន់តោន នៅក្នុងឆ្នាំ២០២៥នេះ។

 

 

 ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងសន្និបាតបូកសរុបលទ្ធផលការងារអាកាសចរណ៍ស៊ីវិលឆ្នាំ២០២៤ និងលើកទិសដៅបន្តអនុវត្តសម្រាប់ឆ្នាំ២០២៥ បានមានប្រសាសន៍ថា វិស័យអាកាសចរណ៍ស៊ីវិល នៅតែបន្តទទួលផលប្រយោជន៍នៃកេរ្តិ៍ដំណែល ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងទស្សនៈវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងកំពុងបន្តអនុវត្តក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានជួយជំរុញឱ្យមានសន្ទុះរីកចម្រើនដល់ការដឹកជញ្ជូនតាមផ្លូវអាកាស ហើយឆ្លើយតបតម្រូវការទេសចរណ៍ ធុរកិច្ច ពាណិជ្ជកម្ម និងការផ្សារភ្ជាប់ទំនាក់ទំនងសង្គម-វប្បធម៌កម្ពុជាទៅកាន់អន្តរជាតិ និងអន្តរជាតិមកកាន់ កម្ពុជា។

 


នាឱកាស ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានបន្ថែមថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងជំរុញ និងសម្រេចឱ្យបាននូវ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ចំនួន ៧,៥លាននាក់ និងទំនិញចំនួន៨០ពាន់តោន នៅក្នុងឆ្នាំ២០២៥។

 


លើសពីនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ជំរុញ និងសម្រួលនីតិវិធី ដើម្បីគាំទ្រដល់ការរៀបចំជើងហោះហើរថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ពីទីក្រុងអ៊ីស្តង់ប៊ុល មកកាន់រាជធានីភ្នំពេញ   ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ពីទីក្រុងអាប៊ូដាប៊ី មកកាន់រាជធានីភ្នំពេញ និងក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ពីទីក្រុងឌូបៃ មកកាន់ខេត្តសៀមរាប។

 


យ៉ាងណា គិតត្រឹមខែមករា ឆ្នាំ ២០២៥នេះ មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន ៣១ កំពុងបម្រើការដល់ជើងហោះហើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិទាំង ៣។

 


សូមជម្រាបផងដែរថា   យោងតាមទិន្នន័យពីក្រសួងទេសចរណ៍ បានឱ្យដឹងថា វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២៣% ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩។ដោយឡែកក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស (អាកាសចរណ៍) ទើបតែងើបវិញជាលំដាប់បានប្រមាណជាង ៦៨% នៅឆ្នាំ ២០២៤ តែប៉ុណ្ណោះ បើធៀបទៅនឹងស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០១៩៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025