ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងពិនិត្យលើគម្រោងវិនិយោគធំៗចំនួន ៧ ដែលមានទុនវិនិយោគសរុបប្រមាណ ២៤៨ លានដុល្លារអាមេរិក នាពេលខាងមុខនេះ ដែលអាចបង្កើតឱកាសការងារបានចំនួន ២,៦ ពាន់កន្លែង។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ ក្នុង“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៤ បានឱ្យដឹងថា គម្រោងវិនិយោគទាំង ៧ ដែលមានតម្លៃសរុបប្រមាណ ២៤៨ លានដុល្លារនេះ និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៤គម្រោង គឺ ផលិតថ្មម៉ាប ផលិតពិល កែច្នៃស្បែក និងផលិតប្រដាប់ប្រដារ និងគ្រឿងសង្ហារិមក្មេង ក្នុងនោះ គម្រោងវិនិយោគទាំង ៧នេះ ត្រូវបានបោះទីតាំងនៅរាជធានីខេត្តចំនួន ៤ រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។
បន្ថែមពីលើនេះ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធមានចំនួន ៣ គម្រោង គឺគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ២០ មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តពោធិ៍សាត់ គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ៣០០ មេហ្គាវ៉ាត់ និងគម្រោងបង្កើតផែស្ងួតផងដែរ។
ជាមួយគ្នានេះ ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១១២គម្រោង ក្នុងទុនវិនិយោគប្រមាណ ១ពាន់លានដុល្លារអាមេរិក ដោយអាចបង្កើតការងារបានចំនួនជាង ៧ម៉ឺនកន្លែង។
រីឯ គម្រោងវិនិយោគមានការកើនឡើងរហូតដល់ទៅចំនួន ៤៣គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ជាមួយប្រភពទុននិវិយោគឈានមុខ រួមមាន៖ ចិន, សិង្ហបុរី, កម្ពុជា, វៀតណាម, កោះ Cayman, អូស្ត្រាលី, អង់គ្លេស, សហរដ្ឋអាមេរិក, សាម័រ និងម៉ាឡេស៊ី ខណៈដែលទុនវិនិយោគតាមវិស័យត្រូវ បាននាំមុខដោយឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ។សូមជម្រាបថា ក្នុងឆ្នាំ ២០២៤កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទាក់ទាញគម្រោងវិនិយោគសរុបប្រមាណ ៤១៤គម្រោង គិតជាទឹកប្រាក់ជាង ៦,៩ពាន់លានដុល្លារអាមេរិក ដោយវិស័យឧស្សាហកម្ម ជាវិស័យលេចធ្លោជាងគេក្នុងការស្រូបទាញវិនិយោគក្នុងឆ្នាំ ២០២៤៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ