ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

ធនាគារពិភពលោក៖ សេដ្ឋកិច្ចវៀតណាម អាចសម្រេចកំណើនត្រឹម ៦,៨% ក្នុងឆ្នាំនេះ

១៣ មីនា ២០២៥ | សេដ្ឋកិច្ច

 

របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក បានបង្ហាញថា កំណើនសេដ្ឋកិច្ច របស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងកើនឡើង ៦,៨% នៅឆ្នាំ ២០២៥នេះ។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកវៀតណាម ចុះផ្សាយនៅថ្ងៃនេះ។

 

 

កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងងើបឡើងមកត្រឹម ៦,៨% នៅឆ្នាំ ២០២៥ ខ្ពស់ជាង ៦,៥% កាលពីឆ្នាំ ២០២៤ ខណៈការព្យាករនេះ គឺទាបជាងគោលដៅកំណត់ ៨% ដោយរដ្ឋាភិបាលវៀតណាមតែម្តង។

 


ធនាគារពិភពលោក ក៏បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម សម្រាប់ឆ្នាំ ២០២៦ ដល់ ៦,៥% ដែលខ្ពស់ជាងតួលេខព្យាករណ៍ពីមុន ដែលមានត្រឹម ៦,៣%។

 


ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាយកធនាគារពិភពលោកប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ លោកស្រី Mariam Sherman មានប្រសាសន៍ថា ទោះបីជាការស្ទុះងើបឡើងវិញនៃការនាំចេញផលិតផលបច្ចេកវិទ្យា បានជួយវៀតណាម សម្រេចបាននូវអត្រាកំណើន ៧% កាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែសន្ទុះនៃការនាំចេញនេះ ត្រូវបានរំពឹងថា នឹងថយចុះនៅឆ្នាំនេះ។

 


លោកស្រីបានបន្តថា ទស្សនវិស័យនេះនៅតែមានភាពវិជ្ជមាន ហើយត្រូវបានគាំទ្រដោយការព្យាករនៃការស្ទុះងើបឡើងវិញនៃ តម្រូវការក្នុងស្រុក ទោះជាយ៉ាងណាក៏ដោយ ភាពមិនប្រាកដប្រជា កើនឡើងនៅពេលខាងមុខ ហើយសន្ទុះបច្ចុប្បន្នអាចធ្លាក់ចុះ ប្រសិនបើវិបត្តិសេដ្ឋកិច្ចសកល និងការរំខានពាណិជ្ជកម្មកើតឡើង។

 


សូមជម្រាបថា វៀតណាម អាចបន្តដាក់ខ្លួនជាគោលដៅទាក់ទាញសម្រាប់អាជីវកម្ម ប៉ុន្តែការគាំទ្របន្ថែមលើសកម្មភាព និងសេវាកម្មក្នុងស្រុក នឹងមានសារៈសំខាន់កាន់តែខ្លាំងឡើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចវៀតណាម៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025