ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

វិនិយោគិនចិន បង្ហាញចំណាប់អារម្មណ៍នាំយកស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ

១៣ មីនា ២០២៥ | សេដ្ឋកិច្ច

 

វិនិយោគិនចិន ១៩ក្រុមហ៊ុន មកពីខេត្តអ៊ីនណាន ទីក្រុងឃុនមីង សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីដែលមានស្រាប់នៅកម្ពុជា ដើម្បីធ្វើការនាំចេញនាពេលខាងមុខ។

 

 

ស្ថិតក្នុងជំនួបរវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូវិនិយោគចិនចំនួន ១៩ក្រុមហ៊ុន មកខេត្តអ៊ីនណាន ទីក្រុងឃុនមីង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ លោក លីវ យ៉ុង ប្រធានសមាគមអ្នកវិនិយោគវ័យក្មេងនៅ ខេត្តយូណាន តំណាងវិនិយោគិនទាំង ១៩ក្រុមហ៊ុន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីដែលមានស្រាប់នៅកម្ពុជា ដើម្បីធ្វើការនាំចេញស្វាយចន្ទីទីកាន់ប្រទេសចិន។

 


ក្នុងនោះ ក្រុមហ៊ុនទាំង ១៩នេះ មានសកម្មភាពវិនិយោគក្នុងវិស័យកសិកម្ម សុខាភិបាល សំណង់និងអចលនទ្រព្យ បច្ចេកវិទ្យា ថាមពល បោះពុម្ពនិងវេចខ្ចប់ ម្ហូបអាហារ សណ្ឋាគារនិងបដិសណ្ឋារកិច្ច ការគ្រប់គ្រងធុរកិច្ច ការផ្តល់សេវាប្រឹក្សាផ្នែកច្បាប់ លក់និងសេវាថែទាំរថយន្ត និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយកន្លងមក ប្រធានសមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តយូណាន បានធ្វើការស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីកម្ពុជា ក្នុងន័យចង់បានប្រភពនាំចេញដោយច្បាស់លាស់ និងចំគោលដៅ។ 

 


ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានលើកទ្បើង ពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា និងចិន ដោយរដ្ឋាភិបាលចិនតែងតែជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជំរុញការវិនិយោគកម្ពុជា-ចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នាមួយចំនួន ដូចជា “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” “ច្រករបៀងមច្ឆានិងអង្ករ” និង “ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល” ជាដើម។

 

 

ក្នុងនោះ ការវិនិយោគនៅកម្ពុជា ដែលប្រភពទុនវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ឬ ទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយនេះ។ជាក់ស្តែងក្នុងឆ្នាំ ២០២៤ ការវិនិយោគចិនបានរួមចំណែកដល់ទៅប្រមាណ ៥០% នៃទុនវិនិយោគសរុប។ ដូចនេះ ជាការកត់សម្គាល់បានបង្ហាញឲ្យឃើញថា មានក្រុមហ៊ុនចិនធំៗជាច្រើនបានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា នៅក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការវិនិយោគក្នុងកន្សោមឧស្សាហកម្មថ្មីៗ ដូចជា ការផលិតសម្បកកង់រថយន្ត ការផ្គុំដំទ្បើងបរិក្ខារអេទ្បិចត្រូនិក និងការកែច្នៃជ័រកៅស៊ូ ជាដើម។ 

 


ជាចុងក្រោយ ឯកឧត្តម ជា វុទ្ធី គាំទ្រ និងលើកទឹកចិត្តលើគម្រោងវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ជាពិសេសគំនិតផ្ដួចផ្ដើមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ច ក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។ 

 


សូមជម្រាបថា យោងតាមទិន្នន័យដែលបានកត់ត្រាដោយសមាគមស្វាយចន្ទីកម្ពុជា ទាំងការនាំចេញផ្លូវការ និងក្រៅផ្លូវ បានបង្ហាញថា នៅក្នុងឆ្នាំ ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ទាំងស្រស់ និងកែច្នៃ ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានចំណូលជាង ១ពាន់លានដុល្លារអាមេរិក កើនឡើង ២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣៕

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025