ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

កិច្ចប្រជុំកំពូលអាហ្វ្រិកខាងត្បូង-សហភាពអឺរ៉ុប បានអំពាវនាវឱ្យមានសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន

 


កិច្ចប្រជុំកំពូលនេះមានបំណងពង្រឹងទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងអាហ្វ្រិកខាងត្បូង ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយពិភពលោក ហើយវាបានកើតឡើងមុនពេលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី គ្រោងនឹងធ្វើទស្សនកិច្ចទៅទីនោះនៅខែក្រោយដើម្បីពិភាក្សាអំពីដំណើរការសន្តិភាព និងពង្រឹងទំនាក់ទំនងរវាងអ៊ុយក្រែន និងអាហ្វ្រិកខាងត្បូង។

 

 

លោក ស៊ីរីល រ៉ាម៉ាផូសា (Cyril Ramaphosa) ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានសង្កត់ធ្ងន់លើសារៈសំខាន់ពហុភាគីនិយម និងកិច្ចសហការអន្តរជាតិក្នុងការដោះស្រាយជម្លោះ។ លោក រ៉ាម៉ាផូសា បានសម្តែងការគាំទ្រចំពោះដំណោះស្រាយដោយសន្តិវិធីរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយបានរំលឹកឡើងវិញនូវការត្រៀមខ្លួនរបស់អាហ្វ្រិកខាងត្បូងក្នុងការសម្របសម្រួលកិច្ចសន្ទនាផងដែរ។

 

 

ចំណែកលោកស្រី អ៊ូស៊ូឡា វ៉ុនឌ័រ ឡេយេន ប្រធានគណៈកម្មាការអឺរ៉ុបបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ដំណោះស្រាយចំពោះជម្លោះដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែនដោយលើកឡើងអំពីផលប៉ះពាល់ដ៏អាក្រក់ទៅលើស្ថិរភាព និងសន្តិសុខពិភពលោក។ លោកស្រីក៏បានអំពាវនាវឱ្យមានការខិតខំការទូតជាថ្មីដើម្បីសម្រេចបានសន្តិភាពនៅទីនោះទៀតផង។

 

កិច្ចប្រជុំកំពូលនេះក៏បានផ្តោតទៅលើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចផងដែរដោយមេដឹកនាំសហភាពអឺរ៉ុបបានប្រកាសអំពីកញ្ចប់វិនិយោគចំនួន៤.៧ពាន់លានអឺរ៉ូ ប្រហែល៥.១០ពាន់លានដុល្លារសម្រាប់អាហ្វ្រិកខាងត្បូង។ ការវិនិយោគនេះមានបំណងគាំទ្រដល់ការផ្លាស់ប្តូររបស់ប្រទេសអាហ្វ្រិកខាងត្បូងទៅកាន់សេដ្ឋកិច្ចដែលមានកាបូនទាប និងជំរុញកំណើនឧស្សាហកម្ម៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025