ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥

លោក ហ្គូធឺរ៉េស ប្រកាសអំពីការចាប់ផ្ដើម«គំនិតផ្ដួចផ្ដើម UN80»សម្រាប់កំណែទម្រង់សហប្រជាជាតិ

ថ្លែងនៅក្នុងថ្ងៃរំលឹកខួបលើកទី៨០ របស់អង្គការសហប្រជាជាតិនៅឆ្នាំនេះ អគ្គលេខាធិការសហប្រជាជាតិលោក ហ្គូធឺរ៉េស បានប្រាប់អ្នកកាសែត ក្នុងបុរីញូវយ៉កសហរដ្ឋអាម៉េរិកកាលពីថ្ងៃពុធថា បច្ចុប្បន្នពិភពលោកកំពុងជួបវិបត្តិជាច្រើនដែលទាមទារឱ្យសហប្រជាជាតិត្រូវធ្វើកំណែទម្រង់កាន់តែខ្លាំងឡើង ។ លោក ហ្គូធឺរ៉េស បាននិយាយថា វាចាំបាច់ណាស់ដែលអង្គការសហប្រជាជាតិត្រូវត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងជាប្រចាំដើម្បីវាយតម្លៃកាយសម្បទារបស់ខ្លួនក្នុងបំណងអនុវត្តគោលដៅរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។ លោកបានបន្ដែមថា ការរំលឹកខួបលើកទី៨០ឆ្នាំនៃអង្គការសហប្រជាជាតិនៅពេលនេះគឺជាពេលវេលាដ៏សំខាន់មួយដើម្បីពង្រីកកិច្ចខិតខំរបស់ខ្លួនដោយទទួលស្គាល់តម្រូវការចាំបាច់សម្រាប់ភាពបន្ទាន់ និងមហិច្ឆតាកាន់តែខ្លាំងថែមទៀត។ ដូច្នេះហើយលោកបានអំពាវនាវឱ្យសមាជិកអង្គការសហប្រជាជាតិចាប់ផ្តើមជាផ្លូវការនូវគំនិតផ្តួចផ្តើម UN80 ដើម្បីធ្វើកំណែទម្រង់សម្រាប់ស្ថាប័នដ៏កំពូលមួយនេះដោយផ្ដោតលើបីចំណុចសំខាន់ៗជាមួយនឹងការបង្កើតក្រុមការងារដែលមានការតាំងចិត្តខ្ពស់សម្រាប់អនុវត្តគំនិតផ្ដួចផ្ដើមនេះផងដែរ។

 

 

លោក ហ្គូធឺរ៉េស បានបញ្ជាក់អំពីចំណុចទាំងបីនេះថា ទីមួយ គឺការកំណត់យ៉ាងរហ័សនូវប្រសិទ្ធភាព និងការកែលម្អរបៀបដែលរដ្ឋជាសមាជិកទាំងអស់កំពុងធ្វើការ ទីពីរគឺការពិនិត្យឱ្យបានហ្មត់ចត់នូវការអនុវត្តអាណត្តិទាំងអស់ដែលរដ្ឋសមាជិកបានផ្តល់ឱ្យសហប្រជាជាតិដែលបានកើនឡើងយ៉ាងខ្លាំងក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងទីបីគឺការពិនិត្យមើលឡើងវិញជាយុទ្ធសាស្រ្តនូវការផ្លាស់ប្តូររចនាសម្ពន្ធឱ្យកាន់តែស៊ីជម្រៅ និងការកែសម្រួលកម្មវិធីនៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិផងដែរ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025