ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
នាថការនីរបាំបុរាណល្បីឈ្មោះ សុខគា គីមលាង ហៅ កូនអាន ទើបតែលេចមុខក្នុងខ្សែភាពយន្តខ្នាតធំរបស់ LD Entertainment ចំណងជើង «សាសនាងងឹត» ដែលនេះគឺជាលើកទីមួយសម្រាប់ស្រីស្អាតរូបនេះក្នុងប្រឡូកវិស័យភាពយន្តខ្មែរ។
ក្នុងថ្ងៃសម្ភោធចាក់បញ្ចាំងរឿង «សាសនាងងឹត» កាលពីពេលថ្មីៗ កូនអាន បានឱ្យដឹងថា នាងពិតជាសប្បាយចិត្ត ហើយរំភើបជាខ្លាំង ដែលទីបំផុតស្នាដៃភាពយន្តដំបូងបង្អស់ដែលនាងចូលរួមសម្តែងបានបង្ហាញខ្លួនលើផ្ទាំងសំពត់សរនៃរោងភាពយន្តទំនើបៗទូទាំងប្រទេស និងត្រៀមយកទៅចូលរួមពិពរណ៍ភាពយន្ត នៅទីក្រុងហុងកុងផងដែរ។
វាពិតជាខុសគ្នាខ្លាំងមែនទែនរវាងការសម្តែងភាពយន្ត និងការរាំរបាំបុរាណដែលជាជំនាញស្នូលរបស់នាង ប៉ុន្តែនាងរីករាយដែលបានសាកល្បងធ្វើអ្វីថ្មីៗ ព្រោះជាជឿជាក់ថា «ភាពដដែលៗជាសត្រូវនៃសិល្បៈ»។
ជាក់ស្តែង ដូចការថតរឿង «សាសនាងងឹត» ជាដើម គឺជួបលំបាកច្រើនគួរសម តែនាងបានព្យាយាមស្តាប់ការពន្យល់ណែនាំរបស់ផលិតករ ក្រុមការងារ និងសិល្បកររៀមច្បង ទើបអាចបង្កើតចេញជាសមិទ្ធិផលស្នាដៃភាពយន្តមួយនេះឡើយ។
កូនអាន មិនហ៊ាននិយាយថា ការសម្តែងរបស់ខ្លួនឯងល្អកម្រិតណាឡើយ ទុកឱ្យពុកម៉ែបងប្អូនជាអ្នកពិន្ទុ។ តែទន្ទឹមគ្នានោះ នាថការីល្បីឈ្មោះរូបនេះក៏សូមឱ្យពុកម៉ែបងប្អូន និងអ្នកគាំទ្រធ្វើការរិះគន់ក្នុងន័យស្ថាបនា ដើម្បីនាងយកមតិទាំងនោះទៅកែលម្អសម្រាប់ស្នាដៃបន្តបន្ទាប់ទៀត។
សូមជម្រាបផងដែរថា ឆាប់ៗនេះ រឿង «សាសនាងងឹត» ឬ «The Last home» នឹងត្រូវនាំយកទៅចូលរួមកម្មវិធីពិពរណ៍ភាពយន្ត HONG KONG FILMART ចាប់ពីថ្ងៃទី ១៧-២០ ខែមីនា ឆ្នាំ២០២៥ នៅទីតាំង Hong Kong Convention and Exhibition Centre ក្រុងហុងកុង។
ក្រៅពីនោះ ក៏មានស្នាដៃភាពយន្តផ្សេងទៀត ដូចជា រឿងភាគ «លួចស្នេហ៍គូដណ្តឹង», រឿង «គ្រួសារបង្កង», រឿង «ស្តេចកន» ជាដើម ដែលនឹងបង្ហាញខ្លួនក្នុងពិពរណ៍ភាពយន្តដ៏ធំនេះ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ហ៊ុន សុជាតា