ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥

Zhao Lusi បង្ហាញមុខវិញលើកដំបូងក្រោយយកឈ្នះជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ

២៧ មករា ២០២៥ | កម្សាន្ដ

 

តារាសម្ដែងចិន Zhao Lusi បានបង្ហាញមុខវិញលើកដំបូងក្នុងកម្មវិធីផ្សព្វផ្សាយរបស់ក្រុមហ៊ុនមួយ ក្រោយយកឈ្នះជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ព្រមទាំងបានចែករំលែកអ្នកគាំទ្រពីអាការរបស់នាងផងដែរ។

 


ថ្មីៗនេះ ក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្ដែង Zhao Lusi (ចាវ លូស៊ឺ) បានចេញផ្សាយវីដេអូដ៏រំជួលចិត្តដែលចងក្រងពីដំណើរតស៊ូរបស់តារាស្រីវ័យ ២៦ ឆ្នាំរូបនេះ ដើម្បីជាសះស្បើយពីជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ។

 

 

ខ្សែវីដេអូបានបង្ហាញតាំងពីគ្រាដែលនាងអាការធ្ងន់ធ្ងរ ទាំងពេលដែលនាងយំ និងមិនអាចកម្រើករាងកាយបានធម្មតាបាន ដោយស្ទើរតែមិនអាចញ៉ាំ និយាយ ឬដើរបានដោយខ្លួនឯង រហូតដល់ស្ថានភាពរបស់នាងចាប់ផ្ដើមប្រសើរឡើងក្រោមការមើលថែយ៉ាងជិតស្និទ្ធពីមនុស្សជុំវិញខ្លួន។

 


វីដេអូនេះត្រូវបានបញ្ចេញបន្ទាប់ពីកាលពីថ្ងៃសៅរ៍ ទី២៥ ខែមករាកន្លងទៅ តារាសម្ដែងស្រីរូបនេះបានចូលរួមកម្មវិធីជួបជុំអ្នកគាំទ្ររៀបចំដោយក្រុមហ៊ុនភេសជ្ជៈមួយ ដែលជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់នាងចាប់តាំងពីការបង្ហាញពីការប្រយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តកាលពីចុងឆ្នាំ២០២៤។

 


ក្នុងព្រឹត្តិការណ៍ដែលប្រារព្ធឡើងនៅទីក្រុងឆឹងទូ ប្រទេសចិននេះដែរក៏ តារាស្រីត្រកូល Zhao បាននិយាយអំពីបញ្ហាសុខភាពរបស់នាងថានាងបានជួបប្រទះរោគសញ្ញានៃការខ្វិននិងការបាត់បង់សមត្ថភាពនិយាយ។

 

 

វាពិតជាពិបាកខ្លាំង ប៉ុន្តែឥឡូវនេះ នាងសប្បាយចិត្តដែលអាចឆ្លងផុតគ្រោះថ្នាក់។ នាងបន្ថែមថា មុនចូលឆ្នាំចិន នាងចង់បង្ហាញគ្រប់គ្នាថានាងកំពុងប្រសើរឡើងហើយ និងបានលួងចិត្តអ្នកគ្រប់គ្នាដែលបានយំដោយសារនាង។

 


ការបញ្ចេញវីដេអូយ៉ាងលម្អិតអំពីអាការរបស់ Zhao Lusi បានបង្កឱ្យមានប្រតិកម្មចម្រុះតាមអ៊ីនធឺណិត ដោយអ្នកគាំទ្រខ្លះសាទរចំពោះភាពក្លាហានរបស់នាង ខណៈអ្នកខ្លះទៀតរិះគន់ក្រុមហ៊ុនដោយចោទសួរថា តើសមស្របឬទេដែលត្រូវចែករំលែករូបភាពឯកជនរបស់នាងបែបនេះ។

 

 

ទន្ទឹមនឹងនេះដែរ មានមនុស្សជាច្រើនបានសរសេរពាក្យជូនពរយ៉ាងអស់ពីចិត្តឱ្យតួឯកស្រី “ឈិនឈានឈាន” រូបនេះបានជាសះស្បើយពេញលេញ ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025