ថ្ងៃអង្គារ៍ ទី១៤ ខែមករា ឆ្នាំ២០២៥

ហេតុផលចម្បងៗទាំងនេះធ្វើឱ្យខាត់ សុឃីម នៅតែមិនអស់ចិត្ត និងរំឭកពីតារារ៉េប Ruthko ទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ 

០៧ មករា ២០២៥ | កម្សាន្ដ

 

 

បន្ទាប់ពីទៅចូលរួមពិធីបុណ្យសពរបស់តារាចម្រៀងរ៉េប Ruthko អ្នកនាង ខាត់ សុឃីម ដែលធ្លាប់មានអនុស្សាវរីយ៍រួមគ្នាជាមួយ គ្នានៅតែធ្វើចិត្តមិនបាន និងរំឭកពីក្មេងប្រុសដ៏មានអនាគតម្នាក់នេះ មិនគួរអាយុខ្លី ។ 

 

 

 

មរណភាពរបស់តារាចម្រៀង Ruthko បានធ្វើឱ្យអ្នកសិល្បៈ និងមហាជនជាច្រើនមានការស្លុតចិត្ត សូម្បីតែអ្នកនាង ខាត់ សុឃីម ក៏នៅតែធ្វើចិត្តមិនបាន និងមិនជឿនូវហេតុការណ៍នោះរហូតបានពោលពាក្យថា « ប្អូននៅក្មេងអនាគតត្រូវរះភ្លឺស្វាងបន្តទៀត ហេតុអ្វីជួបរឿងអកុសលបែបនេះ ? »។ 

 

 

សិល្បករសិល្បការិនី និងតារាចម្រៀងរ៉េបជាច្រើនរូបបានទៅចូលរួមបុណ្យសពរបស់តារាចម្រៀងរ៉េប Ruthko ម្នាក់ៗសុទ្ធតែធ្វើចិត្តមិនបាន ពីព្រោះអ្វីៗនៅស្រស់ៗពេក ជាពិសេសមិត្តរួមការងាររបស់លោក ដែលត្រូវណាត់គ្នាថតនៅថ្ងៃចន្ទ មិនគួរណា Ruthko មកជួបរឿងបែបនេះសោះ ។ 

 

 

តារាចម្រៀងពហុជំនាញរូបនេះ បានទៅចូលរួមពិធីបុណ្យសពរបស់តារាចម្រៀងរ៉េប Ruthko កាលពីម្សិលមិញបានបង្ហាញនូវអារម្មណ៍ក្តុកត្តួលចិត្ត លាយឡំជាមួយទឹកភ្នែកថា ពិតជាសោកស្តាយធនធានមនុស្សដ៏ល្អនិងមានអនាគតដូចជា Ruthko ណាស់ ។ « ខ្ញុំពិតជាពិបាកទទួលយកណាស់ ប្អូននៅក្មេងអនាគតត្រូវរះភ្លឺស្វាងបន្តទៀត ហេតុអ្វីជួបរឿងអកុសលបែបនេះ ? នេះជាវេលាដ៏សោកសង្រេងនៃគ្រួសារសពរបស់ប្អូន Ruthko » ។

 

 

ទន្ទឹមនិងភាពសោកសៅមិនអស់ចិត្តនេះអ្នកនាង ខាត់ សុឃីម ក៏បានរំឭកពីអនុស្សាវរីយ៍ចាស់ជាមួយតារាចម្រៀងរ៉េប Ruthko ដែលបានថតបទចម្រៀងរួមគ្នាកាលពីប៉ុន្មានខែមុនដែលមានចំណងជើងថា « ស្រឡាញ់បងទៅអូន » ដោយបទចម្រៀងនេះ នៅតែដកជាប់ក្នុងបេះដូងនាងជានិច្ច ។ អ្នកនាង ខាត់ សុឃីម បានបន្ថែមទៀតថា មកទល់ពេលនេះអ្នកនាងនៅតែធ្វើចិត្តមិនបាន នៅតែគិតថា រឿង Ruthko ទទួលមរណភាព គឺប្រៀបដូចជាសុបិនមួយ Ruthko នៅតែនៅក្បែរយើងគ្រប់គ្នា ៕

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025