ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០២៤
ស្ត្រីទី១អាមេរិក គឺលោកស្រី Jill Biden បានបើកបង្ហាញការតុបតែងដ៏ពិសេសនៅសេតវិមានសម្រាប់វិស្សមកាលចុងឆ្នាំ ក្រោមប្រធានបទ "រដូវនៃសន្តិភាពនិងពន្លឺ"កាលពីថ្ងៃទី ២ ខែធ្នូ លោកស្រី Jill Biden បានបើកបង្ហាញការតុបតែងដ៏ពិសេសនៅសេតវិមានសម្រាប់វិស្សមកាលចុងឆ្នាំ។ ឆ្លៀតក្នុងឱកាសនេះ លោកស្រីបានថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្តជាច្រើនមកពីទូទាំងសហរដ្ឋអាមេរិកដែលបានជួយអ្នកស្រីក្នុងការតុបតែងសេតវិមាន។
ដើម្បីជាផ្នែកមួយនៃគម្រោង Joining Forces ដែលគាំទ្រដល់គ្រួសារយោធា លោកស្រីក៏បានអញ្ជើញក្រុមគ្រួសារយោធាជាតិអាមេរិកជាច្រើនមកចូលរួមជាសមាជិកសាធារណៈដំបូង ដែលបានទទួលយកបទពិសោធន៍នៃការតុបតែងរដូវកាលឆ្លងឆ្នាំនៅសេតវិមាន។
ស្របពេលដែលលោក Joe Biden ត្រៀមចាកចេញពីសេតវិមាននៅខែក្រោយ ស្ត្រីទី១របស់អាមេរិករូបនេះបាននិយាយថា នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់អ្នកស្រីនិងស្វាមីដែលបានបម្រើការងារក្នុងនាមជាគ្រួសារទី១ របស់អាមេរិក ព្រមទាំងបានបួងសួងសូមឱ្យសហរដ្ឋអាមេរិកទទួលបានពរជ័យដោយសន្តិភាព និងពន្លឺភ្លឺចែងចាំងនៅក្នុងរដូវកាលបុណ្យណូអែលនិងឆ្លងឆ្នាំខាងមុខនេះ។
សេតវិមានរំពឹងថានឹងទទួលភ្ញៀវជិត ១ សែននាក់ដែលមកទស្សនកិច្ចក្នុងរដូវវិស្សមកាលឆ្នាំនេះ។ការតុបតែងសំខាន់ៗដែលត្រូវបានប្រើប្រាស់សម្រាប់សេតវិមានឆ្នាំនេះរួមមានដូចជាដើមណូអែលចំនួន ៨៣ ដើម ខ្សែបូប្រវែង ២៩៩០ ម៉ែត្រ គ្រឿងបន្តោងនិងរបស់តុបតែងផ្សេងៗជាង ២៨០០០ មុខ ព្រមទាំងរូបសត្វព្រាបក្រដាសកាត់ដោយដៃជាង ២២០០ រូប ដែលតំណាងឱ្យសន្តិភាព ៕
ប្រែសម្រួល៖ វ៉ាន់ថន