ថ្ងៃព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ២០២៥
នៅពេលមានពន្លឺថ្ងៃចាំងច្បាស់ឆ្លងកាត់ដុំពពកនៅលើផ្ទៃមេឃធ្វើឲ្យទិដ្ឋភាពនៅលើភ្នំពោរពេញដោយអព្ភូតហេតុអស្ចារ្យ។ នៅប្រទេសចិន បាតុភូតបែបនេះត្រូវគេឲ្យឈ្មោះថាហ្វូកួង (Foguang) ឬពន្លឺព្រះពុទ្ធដែលគេជឿជាក់ថាជានិមិត្តរូបនៃរាសីល្អ។
សួនឧទ្យានជាតិនៅលើភ្នំសាងជីងសានជាទីតាំងដែលមានទេសភាពល្អផ្ដាច់គេ១នៅប្រទេសចិនដែលមានចម្រាក់ថ្មក្រានីត (granite) និងសសរស្ដម្ភជាច្រើនមានរូបរាងប្លែកៗស្រដៀងនឹងស្រមោលរបស់មនុស្ស ឬសត្វ។
ទីនេះមានផ្ទៃដី២២៩៥០ហិចតារស្ថិតនៅលើជួរភ្នំហ៊ូយ៉ាយយូ (Huyaiyu)។ សម្រស់ធម្មជាតិនៃភ្នំកម្ពស់១៨១៧ម៉ែត្រនេះកាន់តែលេចធ្លោបន្ថែមទៀតដោយសារផ្ទាំងថ្មដ៏ស្រស់ស្អាតអមដោយរុក្ខជាតិចម្រុះ។ ជាពិសេស ផ្ទាំងពពកនៅលើកំពូលភ្នំរឹតតែបង្កបរិយាកាសដ៏អស្ចារ្យថែមទៀតដោយសារវាប្រែប្រួលទៅតាមពេលវេលា។
ពេលខ្លះផ្ទាំងពពកចាំងឆ្លុះដោយរស្មីព្រះអាទិត្យ និងពេលខ្លះមានរូបឥន្ទនូពណ៌ស។ ទីនេះផ្សំចូលគ្នារវាងឥទ្ធិពលនៃបរិយាកាសមូសុងនៅអនុតំបន់ត្រូពិច និងឥទ្ធិពលពីសមុទ្រ។
វាបង្កជាបរិយាកាសដូចជាកូនកោះមួយដែលគ្របដណ្ដប់ដោយព្រៃឈើអនុតំបន់ត្រូពិច។ ឧទ្យានជាតិនេះជាទីប្រជុំនៃគម្របព្រៃឈើ, ល្បាក់ទឹកធ្លាក់, បឹង និងតំបន់ទឹកផុសជាច្រើនកន្លែង។ ល្បាក់ទឹកខ្លះមានកម្ពស់រហូតដល់៦០ម៉ែត្រ។ ទីនេះមានរុក្ខជាតិជាង២៣០០ប្រភេទ និងសត្វ៤០០ប្រភេទ៕
ប្រែសម្រួល៖ អន សំអាង