ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

ពិព័រណ៍ Hot Pot ធំបំផុតនៅប្រទេសចិនទាក់ទាញវិនិយោគិនសាកលលោក

២៨ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 

ការតាំងពិព័រណ៌ Hot Pot ធំបំផុតកំពុងត្រូវបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង ដោយផ្តោតលើសក្តានុពលរីកចម្រើននៃឧស្សាហកម្មហតផតជាពិសេសពីខេត្តស៊ីឈ័ន ព្រមទាំងស្វែងរកយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

 


ហតផត គឺជាបទពិសោធន៍នៃការទទួលទានអាហារបែបចិនដ៏ពេញនិយម ដែលអ្នកទទួលទានអាចចម្អិនគ្រឿងផ្សំផ្ទាល់ខ្លួនតាមចំណង់ចំណូលចិត្តនៅក្នុងឆ្នាំងស៊ុបកំពុងពុះរួមគ្នា ដោយមានប្រភពមកពីខេត្តស៊ីឈាន់និងទីក្រុងឆុងឈីង។

 

 

នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ ខេត្តស៊ីឈ័នមានភោជនីយដ្ឋានហតផតជិត ២ សែនកន្លែង ជាចំនួនច្រើនបំផុតនៅក្នុងប្រទេសចិន។ ហតផតបែបស៊ីឈ័នបានគ្របដណ្ដប់ ៧០ ភាគរយនៃទីផ្សារហតផតរបស់ចិន ហើយបានពង្រីកដល់ជាង ៨០ ប្រទេសទូទាំងពិភពលោក។

 


ទន្ទឹមនឹងភោជនីយដ្ឋាន សហគ្រាសហតផតជាច្រើនបានទទួលយកប្រតិបត្តិការទ្រង់ទ្រាយធំតាមរយៈការបង្កើត Franchise និងបានអនុវត្តប្រតិបត្តិការស្តង់ដារ ដូចជាការដឹកជញ្ជូនតាមការបញ្ជាទិញ និងខ្សែសង្វាក់ត្រជាក់។ វិធីសាស្រ្តនេះមិនត្រឹមតែធានាបាននូវការតាមដានធាតុផ្សំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការចំណាយប្រតិបត្តិការយ៉ាងសំខាន់ផងដែរ។

 


ទិន្នន័យបង្ហាញថាចំនួនភោជនីយដ្ឋានហតផតនៅក្នុងប្រទេសចិនបានកើនឡើងពី ៤ សែនទីតាំងក្នុងឆ្នាំ ២០១៣ ដល់ជាង ៩ សែនទីតាំង ក្នុងឆ្នាំ ២០២៣។ ស្របពេលមានការប្រកួតប្រជែងកាន់តែខ្លាំង ម៉ាកយីហោធំៗទាំងអស់ក៏បានចាប់ផ្តើមកែលម្អការសាងសង់ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេដូចគ្នា ដើម្បីលើកកម្ពស់ការពង្រីកជាសកលនៃឧស្សាហកម្មហតផត។

 


ពិព័រណ៍ហតផត CISCE នឹងដំណើរការពីថ្ងៃអង្គារដល់ថ្ងៃសៅរ៍សប្ដាហ៍នេះនៅទីក្រុងប៉េកាំង។ ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិលើកដំបូងលើពិភពលោកដែលផ្តោតលើខ្សែសង្វាក់ផ្គត់ផ្គង់ ពិព័រណ៍ប្រចាំឆ្នាំមួយនេះនឹងប្រមូលផ្តុំអ្នកដឹកនាំក្នុងឧស្សាហកម្ម និងអ្នកជំនាញមកពីជុំវិញពិភពលោក និងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការជាសកល ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024