ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤
តារាចម្រៀង Rihanna បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងម្ដងទៀតសម្រាប់ការបង្ហាញខ្លួនរួមគ្នាជាមួយគូស្នេហ៍ ក្នុងកម្មវិធីពានរង្វាន់ម៉ូដប្រចាំឆ្នាំរបស់អង់គ្លេស ដែលរៀបចំឡើងនៅទីក្រុងឡុងដ៍។
ពិតជាមិនធ្វើឱ្យអ្នកគាំទ្រវិស័យហ្វេសិនខកចិត្តឡើយសម្រាប់ការបង្ហាញខ្លួនលើកម្រាលព្រំកម្មវិធី The Fashion Awards របស់តារាចម្រៀង Rihanna ខណៈរូបភាពរបស់នាងនិងគូស្នេហ៍គឺតារារ៉េប ASAP Rocky (អេសេប រ៉កឃី) ត្រូវបានចុះផ្សាយព្រោងព្រាតលើបណ្ដាញសារព័ត៌មានអន្តរជាតិ។
ក្នុងកម្មវិធីដែលរៀបចំឡើងកាលពីថ្ងៃទី២ ខែធ្នូកន្លងទៅនេះ ម្ចាស់បទ “Diamonds” បានបង្ហាញខ្លួនក្នុងឈុតរោមសត្វពណ៌ទឹកសមុទ្រពីម៉ាក Christian Lacroix (គ្រីស្ទៀន ឡាក្រក) គ្របពីលើរ៉ូបពណ៌ខ្មៅខាងក្នុង ស្របពេល ASAP Rockey បានបង្ហាញខ្លួនក្នុងឈុតពណ៌ទឹកប៊ិចបែបសាមញ្ញពីម៉ាក Bottega Veneta (បូតេកា វ៉េណេតា)។
កម្មវិធីនារាត្រីនោះគឺពិតជាពិសេសសម្រាប់ ASAP Rockey ដោយតារារ៉េបរូបនេះបានទទួលពានរង្វាន់ Cultural Innovator ជាពានរង្វាន់សម្រាប់អ្នកសិល្បៈដែលជាអ្នកដឹកនាំទាំងផ្នែកម៉ូដ និងបង្កើតរូបភាពគួរឱ្យចងចាំ ព្រមទាំងមានឥទ្ធិពលយ៉ាងខ្លាំងលើពិភពម៉ូដ និងវប្បធម៌កាលពីឆ្នាំមុន។
ក្នុងពិធីនេះដែរ លោក Tom Ford ដែលជាអ្នករចនាម៉ូដ ផលិតករភាពយន្ត និងអ្នកជំនួញមួយរូបដែររបស់អាមេរិក ត្រូវបានផ្តល់កិត្តិយសជាមួយនឹងពានរង្វាន់សមិទ្ធិផលឆ្នើមក្នុងឆ្នាំនេះសម្រាប់ការងាររបស់លោក។
មិនត្រឹមតែជារាត្រីផ្ដល់ពានរង្វាន់ ប៉ុន្តែកម្មវិធី Fashion Awards ក៏ជាការរៃអង្គាសថវិកាសម្រាប់មូលនិធិក្រុមប្រឹក្សាម៉ូដអង់គ្លេសហៅកាត់ BFC ដែលបានធ្វើការងារផ្សេងៗដើម្បីជួយដល់ការរីកចម្រើន និងភាពជោគជ័យនៃឧស្សាហកម្មម៉ូដសម្លៀកបំពាក់របស់ចក្រភពអង់គ្លេស តាមរយៈការអប់រំ ការផ្ដល់ជំនួយ និងការណែនាំ ៕
ប្រែសម្រួល៖ វ៉ាន់ថន