ថ្ងៃច័ន្ទ ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤

Ariana Grande បញ្ចប់ដំណើរផ្សព្វផ្សាយភាពយន្ត “Wicked” ទាំងអារម្មណ៍ក្ដុកក្ដួល

២២ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

ដំណើរទេសចរណ៍ផ្សព្វផ្សាយភាពយន្ត “Wicked” របស់តារាចម្រៀងនិងសម្ដែងល្បីអាមេរិក Ariana Grande បានបិទបញ្ចប់ចុងក្រោយនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ជាមួយកម្មវិធីសម្ពោធបញ្ចាំងយ៉ាងអធិកអធម។

 


បន្ទាប់ពីធ្វើការសម្ពោធនៅទីក្រុងធំៗជាច្រើនរួមមានទីក្រុងស៊ីដនី ទីក្រុងឡូសអេនជឺលេស ទីក្រុងម៉ិកស៊ីកូ និងទីក្រុងញូវយ៉ក ចុងក្រោយនេះក្រុមតារាសម្ដែងពីភាពយន្តល្ខោនតន្ត្រីហូលីវូដ “Wicked” (វីកឃិត) រួមទាំងផលិតករ ក៏បានបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធនៅទីក្រុងឡុងដ៍សប្ដាហ៍នេះ ជាការបញ្ចប់ដំណើរផ្សព្វផ្សាយមុនភាពយន្តចាប់ផ្ដើមចាក់បញ្ចាំងទូទាំងពិភពលោក។

 


កម្មវិធីបានចាប់ផ្ដើមជាមួយការបង្ហាញវត្តមានតួឯកស្រីទាំងគឺ Ariana Grande (អារីអាណា ហ្ក្រេនដេ) និងតារាសម្ដែងស្រីអង់គ្លេស Cynthia Erivo (ស៊ីនធីអ្ហា រីវ៉ូ) អមដំណើរដោយតារាសម្ដែងផ្សេងទៀតដូចជាតារាសម្ដែង Jeff Goldblum (ជេហ្វ ហ្គោលប្ល៊ុម), តារាសម្ដែង Michelle Yeoh (មីឈែល យ៉ូ) តារាសម្ដែង Ethan Slater (អ៊ីធេន ស្លេតធឺ), តារាសម្ដែង Jonathan Bailey (ចូណាថាន ប៊េលី) និងអ្នកដឹកនាំរឿងគឺលោក Jon M. Chu (ចន អេម ជូ)។

 


ភាពយន្ត “Wicked” ត្រូវបានផលិតឡើងដោយផ្អែកសាច់រឿងតាមសៀវភៅប្រលោមលោក និងល្ខោនតន្ត្រី Broadway ដ៏ល្បីមានចំណងជើងដូចគ្នា ជាស្នាដៃរបស់អ្នកនិពន្ធ Gregory Maguire (ក្រេហ្គឺរី ម៉េហ្កាយអឺ) ដោយមានសាច់រឿងរៀបរាប់ពីដំណើរផ្សងព្រេង និងចំណងមិត្តភាពក្នុងពិភពវេទមន្តរវាងមេមត់ស្បែកបៃតងឈ្មោះ Elphaba (អ៊េលហ្វាបា) សម្ដែងដោយតារាអង់គ្លេស Cynthia Erivo (ស៊ីនធីអ្ហា រីវ៉ូ) និងមេមត់រួបស្រស់ឈ្មោះ Glinda (គ្លីនដា) សម្ដែងដោយ Ariana Grande (អារីអាណា ហ្ក្រេនដេ)។ 

 


ចំណាយដើមទុនផលិតអស់ ១៤៥ លានដុល្លារ ភាពយន្ត “Wicked” វគ្គដំបូងនឹងចាប់ផ្តើមដាក់បញ្ចាំងទូទាំងពិភពលោកនៅចុងខែវិច្ឆិកា ឆ្នាំនេះ ខណៈវគ្គ២ត្រូវបានគ្រោងចេញផ្សាយនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥ ៕

 

 


ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024