ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
កម្មវិធីពានរង្វាន់ Latin Grammy Awards លើកទី ២៥ បានប្រារព្ធឡើងយ៉ាងអធិកអធមជាមួយវត្តមានតារាចម្រៀងល្បីៗជាច្រើន គូសបញ្ជាក់ឱ្យឃើញពីកំណើនប្រជាប្រិយភាពជាសកលនៃតន្ត្រីឡាទីន។
តារាចម្រៀងឡាទីនល្បីៗជួរមុខដូចជា Marc Anthony, Karol G, Pitbull និង Carlos Vives (ខាឡូស វីវេស) បានបង្ហាញខ្លួនលើកម្រាលព្រំក្រហមនៃកម្មវិធីពានរង្វាន់ Latin Grammy ដែលតំណាងឱ្យការរីកចម្រើនដ៏រស់រវើកនៃតន្ត្រីឡាទីនក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។
នាពេលបច្ចុប្បន្ន តន្ត្រីឡាទីនបានទទួលសន្ទុះគាំទ្រទូទាំងពិភពលោក ខណៈបទចម្រៀងជាច្រើនបទពីតារាចម្រៀងអាមេរិកឡាទីនអាចឈានចូលចំណាត់ថ្នាក់ពេញនិយមក្នុងតារាងតន្ត្រីនានារបស់សហរដ្ឋអាមេរិក និងអន្តរជាតិ ខណៈមានការស្ដាប់ដល់រាប់ពាន់លានដងលើវេទិកា Streaming ផ្សេងៗ។ វត្តមានចូលរួមទាំងតារាល្បីជើងចាស់ និងតារាល្បីជំនាន់ថ្មីក្នុងកម្មវិធីនៅឆ្នាំនេះបានបង្ហាញពីភាពចម្រុះនិងទូលំទូលាយបន្ថែមទៀតនៃតន្ត្រីឡាទីន។
សម្រាប់ឆ្នាំ២០២៤នេះ តារាចម្រៀងពីប្រទេសដូមីនីក Juan Luis Guerra (វ៉ន លុយស៍ ហ្គេរ៉ា) បានក្លាយជាម្ចាស់ជយលាភីធំជាងគេ ដោយទទួលបានទាំងពានរង្វាន់អាល់ប៊ុមប្រចាំនិងពានរង្វាន់បទចម្រៀងគុណភាពប្រចាំឆ្នាំ ខណៈតារាចម្រៀងជើងចាស់កូឡុំប៊ី Carlos Vives ត្រូវបានផ្ដល់កិត្តិយសដោយទទួលបានពានរង្វាន់បុគ្គលឆ្នើមប្រចាំឆ្នាំ សម្រាប់ការចូលរួមចំណែកក្នុងវិស័យតន្ត្រីរបស់លោកអស់រយៈពេលច្រើនទសវត្សរ៍កន្លងមក។
តារាចម្រៀងព័រតូរីកូ Luis Fonsi (លុយស៍ ហ្វនស៊ី) ដែលត្រូវបានស្គាល់ទូទាំងពិភពលោកសម្រាប់បទចម្រៀង "Despacito" បានទទួលពានរង្វាន់ Best Pop Vocal Album ខណៈតារាចម្រៀងស្រីកូឡុំប៊ី Karol G បានឈ្នះពានរង្វាន់ Best Urban Music Album។ ទន្ទឹមនឹងការប្រគល់ពានរង្វាន់កម្មវិធីក៏មានការសម្ដែងពិសេសៗពីសំណាក់តារាចម្រៀងល្បីៗជាច្រើនផងដែរ ៕
ប្រែសម្រួល៖ វ៉ាន់ថន