ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ស្របនឹងខួបទី៣៥ នៃអនុញ្ញាអន្តរជាតិ ស្តីពី សិទ្ធិកុមារ ថ្ងៃទី២០ ខែវិច្ឆិកា សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បានសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ ស្តីពី កុមារភាពក្នុងអន្ធការ។ មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ដោយសារតែបទពិសោធន៍ដ៏ឈឺចាប់នៃសង្គ្រាម ទើបរាជរដ្ឋាភិបាលកម្ពុជា ខិតខំស្វែងរកសន្តិភាព និងការពារកុមារ។
ដោយសារតែបទពិសោធន៍ដ៏ឈឺចាប់ខ្លោចផ្សារបស់ប្រជាជនកម្ពុជា ទើបរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងស្វែងរកសន្តិភាព និងបានចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងន័យធានាថាប្រជាជនរស់ក្នុងភាពសុខដុម រួមទាំងកុមារផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់អនុវត្តតាមអនុសញ្ញាអន្តរជាតិផ្សេងៗ ជាពិសេសស្តីពីសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិ ដែលប្រទេសកម្ពុជាបានប្រកាសទទួលស្គាល់ និងចូលជារដ្ឋហត្ថលេខី នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩២។
រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឆ្នើម បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការថែទាំកុមារ ទាំងសុខុមាលភាព និងការអប់រំ ព្រមទាំងធានានូវសេចក្តីសុខ និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងក្នុងពិធីសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ ស្តីពីកុមារភាពក្នុងអន្ធការ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលម៉ិញនេះ ។
ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី កុមារភាពក្នុងអន្ធការ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសារមន្ទីរទួលស្លែង ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ ដើម្បីផ្សព្វផ្សាយសម្រាប់មនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ និងចងចាំអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដែលក្នុងនោះមានជនរងគ្រោះនៅមន្ទីរ ស-២១ យ៉ាងហោចណាស់ក៏ចំនួន ១៨ ០៦៣ នាក់រួមទាំងកុមារផង ត្រូវបានពួកខ្មែរក្រហមធ្វើទារុយណកម្មយ៉ាងឃោរឃៅព្រៃផ្សៃជាទីបំផុតមុននឹងយកទៅសម្លាប់ចោលទាំងអស់នៅសល់តែ ១២ នាក់ប៉ុណ្ណោះ ក្នុងនោះមនុស្សចាស់ ៨ នាក់ និងកុមារ ៤ នាក់ដែលអ្នកទាំងនោះមានសំណាង ត្រូវកម្លាំងរំដោះ ៧ មករា ឆ្នាំ១៩៧៩ ចូលមកសង្គ្រោះបានទាន់ពេលវេលា ។
ឯកឧត្តម ប្រាក់ សុណ្ណារ៉ា បន្ថែមថាដូចដែលយើងបានដឹងហើយថា របបកម្ពុជាប្រជាធិបតេយ្យបានបំផ្លិចបំផ្លាញប្រទេសជាតិស្ទើរតែទាំងស្រុង ជាពិសេសធនធានមនុស្ស ត្រូវបានខ្មែរក្រហមសម្លាប់ និងស្លាប់ដោយសារអត់អាហារ ជំងឺ ធ្វើការបាក់កម្លាំងអស់ជិត២លាននាក់ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។ របបវាលពិឃាត បានបញ្ចប់នៅឆ្នាំ១៩៧៩ ប៉ុន្តែសង្គ្រាមស៊ីវិល នៅតែបន្តរហូតដល់ឆ្នាំ១៩៩៨។ កម្ពុជា បានស្គាល់សុខសន្តិភាពជាលើកដំបូង ក្រោយពីបានឆ្លងកាត់សង្គ្រាមជាង២ទសវត្សរ៍ បន្ទាប់ពីការអនុវត្តដោយជោគជ័យនូវយុទ្ធសាស្រ្តឈ្នះឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព នៃកម្ពុជា។
ការសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី កុមារភាពក្នុងអន្ធការ នាថ្ងៃនេះ គឺជាការរំលឹកដល់ខួបទី៣៥ នៃការអនុម័តអនុញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ ដោយអង្គការសហប្រជាជាតិ ដែលទាមទារឱ្យប្រទេសក្នុងសកលលោកត្រូវយកចិត្តទុកដាក់ និងមានភារកិច្ចផ្តល់ឱ្យកុមារនូវសិទ្ធិចម្បងៗរបស់ពួកគេ គឺសិទ្ធរស់រានមានជីវិត សិទ្ធទទួលនូវការអភិវឌ្ឍ សិទ្ធទទួលបាននូវការការពារ និងសិទ្ធក្នុងការចូលរួមកិច្ចការផ្សេងៗ។ នៅទីបញ្ចប់ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា បានឧទ្ទិសពិព័រណ៍នេះជូនជនរងគ្រោះ ដែលបាត់បង់ជីវិតក្នុងសម័យខ្មែរក្រហម ជនរងគ្រោះក្នុង មន្ទីរ ស-២១ ដែលបច្ចុប្បន្នគឺជាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ជាពិសេសកុមារដែលត្រូវរងទុក្ខវេទនានៅទីនេះ សូមព្រលឹងអ្នកទាំងអស់នោះ បានទៅកាន់ទីស្ងប់សុខ៕
អត្ថបទ៖ ខឿន សាឃាង រូបភាព៖ សែត ប៊ុនថាន់