ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញប្រកាសអន្តរក្រសួង ស្តីពី ប្រាក់ឧបត្ថម្ភអាហារសិស្ស ប្រាក់ឧបត្ថម្ភចុងភៅ វិធីសាស្ត្រកំណត់ចំនួនសិស្ស ត្រូវទទួលអាហារ និងចំនួនចុងភៅ និងផ្ទះបាយសាលារៀន ក្រោមកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍។ប្រកាសអន្តរក្រសួង ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បង្ហាញថា សាលាបឋមសិក្សាសាធារណគោលដៅ ដែលអនុវត្តការបង្រៀន និងរៀនមួយវេន ត្រូវទទួលបានប្រាក់ឧបត្ថម្ភរបបអាហារសិស្ស ៨២០រៀល សម្រាប់សិស្សម្នាក់។
ចំណែកសាលាបឋមសិក្សាសាធារណៈគោលដៅ ដែលអនុវត្តការបង្រៀន និងរៀនពេញមួយថ្ងៃ ត្រូវទទួលបានប្រាក់ឧបត្ថម្ភរបបអាហារសិស្ស ១៣០០រៀល សម្រាប់សិស្សម្នាក់។ប្រកាសអន្តរក្រសួងដដែល ក៏បានកំណត់ថា សាលាបឋមសិក្សាសាធារណៈគោលដៅ ដែលអនុវត្តការបង្រៀន និងរៀនមួយវេន ឬពេញមួយថ្ងៃ ត្រូវទទួលបានប្រាក់ឧបត្ថម្ភរបបអាហារសិស្ស សម្រាប់រយៈពេល ១០ខែ ឬមានរយៈពេលអតិបរមា ២១០ថ្ងៃ ក្នុងមួយឆ្នាំសិក្សា ឬតាមរយៈពេលជាក់ស្តែងក្នុងឆ្នាំសិក្សា។
ការកំណត់ចំនួនសិស្ស ត្រូវទទួលរបបអាហារនៅតាមវេនសិក្សា ក្នុងសាលាបឋមសិក្សាសាធារណៈគោលដៅ ដែលអនុវត្តការបង្រៀន និងរៀនមួយវេន ត្រូវកំណត់ដោយផលគុណអប្បបរមា ៧៥% នៃចំនួនសិស្សបឋមសិក្សាសរុប បូកជាមួយចំនួនសិស្សមត្តេយ្យសិក្សា ១០០% ដែលកំពុងរៀន នៅក្នុងសាលាបឋមសិក្សាសាធារណៈគោលដៅ និង/ឬសាលាមត្តេយ្យសិក្សា ដែលមានទីតាំងនៅក្នុងបរិវេណជាមួយសាលាបឋមសិក្សាសាធារណៈគោលដៅតែមួយ។
ចំណែកការកំណត់ចំនួនសិស្ស ត្រូវទទួលរបបអាហារ នៅតាមវេនសិក្សា ក្នុងសាលាបឋមសិក្សាសាធារណៈគោលដៅ ដែលអនុវត្តការបង្រៀន និងរៀនពេញមួយថ្ងៃ គឺជាផលគុណ ១០០% នៃចំនួនសិស្សបឋមសិក្សាសរុប បូកជាមួយចំនួនសិស្សមត្តេយ្យសិក្សា ១០០% ដែលកំពុងរៀននៅក្នុងសាលាបឋមសិក្សាសាធារណៈគោលដៅ និង/ឬ សាលាមត្តេយ្យសិក្សា ដែលមានទីតាំងនៅក្នុងបរិវេណជាមួយសាលាបឋមសិក្សាសាធារណៈគោលដៅតែមួយ។ការបើកផ្តល់ប្រាក់ឧបត្ថម្ភចុងភៅ ត្រូវធ្វើឡើងរវាងសាលាបឋមសិក្សាសាធារណៈគោលដៅ និងចុងភៅ នៅមុខដំណាច់ខែនីមួយៗ នៃឆ្នាំសិក្សា ដូចមានចែងក្នុងកិច្ចសន្យា។
ចំណែកប្រាក់ឧបត្ថម្ភចុងភៅ នៅតាមសាលាបឋមសិក្សាសាធារណៈគោលដៅ ដែលអនុវការបង្រៀន និងរៀនមួយវេន ត្រូវបានផ្តល់ជូនចំនួន ២០ម៉ឺនរៀន ក្នុងមួយខែ សម្រាប់ចុងភៅម្នាក់។ ប្រាក់ឧបត្ថម្ភចុងភៅ នៅតាមសាលាបឋមសិក្សាសាធារណៈគោលដៅ ដែលអនុវត្តការបង្រៀន និងរៀនពេញមួយថ្ងៃ ត្រូវបានផ្តល់ជូនចំនួន ៣០ម៉ឺនរៀល ក្នុង១ខែ សម្រាប់ចុងភៅម្នាក់។ការផ្តល់ប្រាក់ឧបត្ថម្ភចុងភៅ នៅតាមសាលាបឋមសិក្សាសាធារណៈគោលដៅ ត្រូវបានបើកផ្តល់ជាប្រចាំខែ។ ការឧបត្ថម្ភនេះ មានរយៈពេល ១០ខែ និង/ឬតាមរយៈពេលជាក់ស្តែងក្នុងឆ្នាំសិក្សា។
ចំនួនចុងភៅ អាចត្រូវជ្រើសរើសនៅតាមសាលាបឋមសិក្សាសាធារណៈគោលដៅ រួមមាន៖ សាលាបឋមសិក្សាសាធារណៈគោលដៅ ដែលមានសិស្សហូបអាហារ ស្មើ ឬតិចជាង ១៤៩នាក់ អាចមានចុងភៅ ២នាក់។ សាលាបឋមសិក្សាសាធារណៈគោលដៅ ដែលមានសិស្សហូបអាហារ ចន្លោះពី ១៥០នាក់ ទៅ ២៤៩នាក់ អាចមានចុងភៅ ៣នាក់។ សាលាបឋមសិក្សាសាធារណៈគោលដៅ ដែលមានសិស្សហូបអាហារ ចន្លោះពី ២៥០នាក់ ទៅ ៣៤៩នាក់ អាចមានចុងភៅ ៤នាក់។ សាលាបឋមសិក្សាសាធារណៈគោលដៅ ដែលមានសិស្សហូបអាហារ ចាប់ពី ៣៥០នាក់ឡើងទៅ អាចមានចុងភៅ ៥នាក់។
អំពីផ្ទះបាយសាលារៀន ក៏ត្រូវបានប្រកាសអន្តរក្រសួងដដែល កំណត់ជា ៣ប្រភេទ រួមមាន៖ ប្រភេទទី១ សាលាបឋមសិក្សាសាធារណៈគោលដៅ ដែលមានសិស្សហូបអាហារ ស្មើ ឬតិចជាង ១៤៩នាក់។ ប្រភេទទី២ សាលាបឋមសិក្សាសាធារណៈគោលដៅ ដែលមានសិស្សហូបអាហារ ចន្លោះពី ១៥០នាក់ ទៅ ៣៤៩នាក់។ ប្រភេទទី៣ សាលាបឋមសិក្សាសាធារណៈគោលដៅ ដែលមានសិស្សហូបអាហារ ចាប់ពី ៣៥០នាក់ឡើងទៅ។
ប្រភេទផ្ទះបាយសាលារៀន មានតម្លៃឯកតាអតិបរមា ដូចខាងក្រោម៖ ប្រភេទទី១ មានតម្លៃ ២០លានរៀល សម្រាប់ផ្ទះបាយមួយកន្លែង។ ប្រភេទទី២ តម្លៃ ២៥លាន ២សែនរៀល សម្រាប់ផ្ទះបាយមួយកន្លែង។ ប្រភេទទី៣ តម្លៃ ៣០លានរៀល សម្រាប់ផ្ទះបាយមួយកន្លែង។ប្រកាសអន្តរក្រសួងដដែល ក៏បានកំណត់ថា ប្រកាសនេះ ត្រូវមានអានុភាពអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ៕
អត្ថបទ៖ លី ម៉េងហួរ រូបភាព៖ ឯកសារ