ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
កិច្ចប្រជុំកំពូល អនុសញ្ញាអូតាវ៉ា ស្ដីពី ពិភពលោកគ្មានគ្រាប់មីន ដែលកម្ពុជា ធ្វើជាប្រធាន និងជាម្ចាស់ផ្ទះ នឹងប្រារព្ធ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥-២៩វិច្ឆិកានេះ។ ឯកឧត្តម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន លើកឡើងថា នេះគឺជាប្រវត្តិសាស្ត្រ ហើយសក្ដិសមបំផុត សម្រាប់កម្ពុជា ដែលធ្លាប់បានឆ្លងកាត់សង្គ្រាម តែកម្ពុជា បានប្រែក្លាយពីដីមានមីន ក្លាយជាដីមាស។
គឺជាប្រវត្តិសាស្ត្រ សម្រាប់ប្រជាជាតិនៅតំបន់អាស៊ី-បាស៊ីហ្វ៊ិក ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអនុសញ្ញាអូតវ៉ា ហើយក៏សក្ដិសមទៀតផង ដ្បិតកម្ពុជា បានឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏ល្វីងជូរចត់ពីភ្លើងសង្គ្រាម រហូតបានក្លាយជាប្រទេសមានសន្តិភាព ហើយប្រែក្លាយដីមីន ឱ្យមកជាដីមាស ដូចសព្វថ្ងៃនេះ ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នៅក្នុងសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ដីពីដំណើរឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន ។
សូមជម្រាបថា កិច្ចប្រជុំកំពូល នៃអនុសញ្ញាអូតាវ៉ា ស្ដីពីពិភពលោកគ្មានមីន នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅឯក្រុងសៀមរាប ខេត្តសៀមរាប ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៃពិធីបើក ។
ឯកឧត្តមបណ្ឌិត លី ធុជ ឱ្យដឹងថាកិច្ចការសំខាន់ៗ នៃកិច្ចប្រជុំនោះគឺទី១. ដើម្បីវាយតម្លៃសកម្មភាព វឌ្ឍនភាព នៃការអនុវត្តអនុសញ្ញាអូតាវ៉ា រយៈពេល ៥ ឆ្នាំកន្លងមកនេះ ស្ដីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សជាតិ,ទី២. ដើម្បីធ្វើសេចក្ដីសម្រេចចិត្តមួយចំនួន ទាក់ទងទៅនឹងរដ្ឋភាគីទាំងឡាយ ដែលបាន និងកំពុងអនុវត្តកាតព្វកិច្ច នៃអនុសញ្ញាអូតាវ៉ា នេះ និងទី៣. គឺ ដើម្បីអនុម័តនូវឯកសារសំខាន់ៗ សម្រាប់អនុវត្តរយៈពេលយូរដែលក្នុងនោះរួមមានសេចក្ដីថ្លែងការណ៍នយោបាយ ជាឯកសារសំខាន់ដែលប្រមុខដឹកនាំ នៃគណៈប្រតិភូនឹងចុះហត្ថលេខា ហើយក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងចុះហត្ថលេខាមុនគេបង្អស់ ដោយសេចក្ដីថ្លែងការណ៍នយោបាយនោះ បញ្ជាក់អំពីគោលបំណង និងការប្ដេជ្ញាចិត្តដ៏មុះមុតរបស់សហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់នូវការផលិត ការប្រើប្រាស់ ការដឹកជញ្ជូន និងការកម្ទេចចោលនូវគ្រាប់មីននៅក្នុងពិភពលោក ។
បន្ទាប់ទៅក៏មានការពិនិត្យ និងអនុម័ត ចុះហត្ថលេខាលើផែនការសកម្មភាពរយៈពេល ៥ ឆ្នាំបន្តទៀត ដែលជាត្រីវិស័យ ជាផែនទីបង្ហាញផ្លូវ និងជាយុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់នូវបញ្ហាប្រឈម និង ដើម្បីបន្តដំណើរឆ្ពោះទៅរកពិភពលោកមួយគ្មានគ្រាប់មីន ហើយផែនការសកម្មភាពនោះ ត្រូវបានរៀបចំជាពង្រាងដែលមានសកម្មភាពរហូតដល់ទៅ ៤៨ សំខាន់ៗ។ ដូច្នេះកិច្ចប្រជុំនៅលើកទីកដីមហានគរនោះ គឺជាការជួបជុំគ្នា នៃពិភពលោក ដើម្បីបង្ហាញ និងដាក់ចេញនូវវិធានការនានា ដើម្បីពិភពលោកគ្មានមីន ។
សូមជម្រាបថា គិតត្រឹមឆ្នាំ២០២៤ នេះ អនុសញ្ញាអូតាវ៉ា មានអាយុ ២៥ ឆ្នាំហើយ បានចូលរួមទប់ស្កាត់ និងសង្គ្រោះអាយុជីវិតមនុស្សក្នុងពិភពលោកជាច្រើនលាននាក់ ហើយគ្រាប់មីន និងយុទ្ធភណ្ឌសង្គ្រាមប្រមាណជាជាង ៥០ លានគ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល ហើយរហូតមកដល់ពេលនេះ នៅលើពិភពលោក នៅសល់ ៣៣ ប្រទេសទៀត ដែលមិនទាន់បានចូលជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា ដែលក្នុងនោះក៏មានហាមអំណាចចំនួន ៣ ផងដែរ គឺអាម៉េរិក ចិន និង រុស្ស៊ី ៕
អត្ថបទ៖ ខឿន សាឃាង រូបភាព៖ សែត ប៊ុនថាន់ និងឯកសារ