ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ជាដំណឹងល្អ សម្រាប់អ្នកដែលមានសញ្ញាបត្របាក់ឌុប និងអ្នកទើបតែប្រឡងជាប់បាក់ឌុប ដោយពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានប្រកាសផ្ដល់អាហារូបករណ៍ជាង ១០០០ កន្លែង។ អាហារូបករណ៍ រៀនដោយមិនបង់ថ្លៃនេះ គឺសម្រាប់ទាំងព្រះសង្ឃ និងទាំងគ្រហស្ថប្រុសស្រីទូទៅ។
សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ទាំង ៣ ទីតាំង គឺព្រះសីហនុរាជភ្នំពេញ ដែលជាទីតាំងគោល ព្រះសីហនុរាជកំពង់ឆ្នាំង និងព្រះសីហនុរាជបាត់ដំបង ផ្ដល់អាហារូបករណ៍ ១០០ ភាគរយ ថ្នាក់បរិញ្ញាបត្រ សរុបជាង ១ ០០០ កន្លែង ដោយក្នុងនោះព្រះសីហនុរាជភ្នំពេញ ចំនួន ៤៥០ កន្លែង សម្រាប់បេក្ខសមណៈ និងបេក្ខជនទាំងប្រុស ទាំងស្រីដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឬសញ្ញាបត្រ ដែលមានតម្លៃស្មើ។
ចំពោះអ្នកដែលទើបតែបានប្រឡងជាប់បាក់ឌុប ប៉ុន្តែមិនទាន់មានសញ្ញាបត្រក៏អាចដាក់ពាក្យបានដែរ ដោយគ្រាន់តែភ្ជាប់មកជាមួយនូវលទ្ធផល នៃការប្រឡងបាក់ឌុបរបស់ខ្លួន ។ នេះគឺជាការលើកឡើងរបស់ព្រះភិក្ខុ ប៊ិត វុត្ថា ព្រឹទ្ធបុរសរង និងជាប្រធានការិយាល័យដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នាឱកាសផ្ដល់បទសម្ភាសន៍ផ្ដាច់មុខដល់ PNN នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ។
គួរជម្រាបជូនថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដើមឡើយគឺជាគ្រឹះស្ថានឧត្តមសិក្សា សម្រាប់ព្រះសង្ឃ ។ ប៉ុន្តែប៉ុន្មានឆ្នាំមុននេះបានធ្វើកំណែទម្រង់ ទទួលយកនិស្សិតជាគ្រហស្ថចូលសិក្សា ហើយជាលទ្ធផល ក៏មាននិស្សិតជាគ្រហស្ថទាំងប្រុសទាំងស្រីកំពុងសិក្សានៅទីនោះជាមួយនឹងព្រះសង្ឃ យ៉ាងសុខដុមរមនា ។
យ៉ាងណាមិញ ចំពោះអាហារូបករណ៍នាឆ្នាំនេះ ក៏ដូច្នោះដែរ គឺគ្រឹះស្ថានពុទ្ធិកឧត្តមសិក្សាសាធារណៈ នេះ ក៏ផ្ដល់សម្រាប់គ្រហស្ថទាំងប្រុស ទាំងស្រីដែរ ។គួរជម្រាបជូនថា បាវចនា របស់ពុទ្ធិកឧត្តមសិក្សាដ៏មានវ័យចំណាស់ និងដ៏មានកិត្តិនាមជាងគេនៅព្រះរាជាណាចក្រកម្ពុជា នេះគឺ សីល សមាធិ បញ្ញា ។
ចំពោះសីល ក៏បានសេចក្ដីថា សីលធម៌ ផងដែរ ។ ហេតុនេះ សមណនិស្សិត និងនិស្សិតជាគ្រហស្ថទាំងប្រុសទាំងស្រី ដែលសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក្រៅតែពីឯកទេសដែលខ្លួនជ្រើសរើសទៅ កត្តាសំខាន់មួយទៀត គឺគុណធម៌ សីលធម៌ ប្រពៃណី វប្បធម៌ជាតិ ដែលចំណុចទាំងនេះមិនងាយរកបាននៅកន្លែងផ្សេងឡើយ ។
ការទទួលពាក្យ នៃការសុំប្រឡងយកអាហារូបករណ៍ទាំងនេះនឹងត្រូវបិទបញ្ចប់នៅដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានសេចក្ដីថា ពេលវេលាកាន់តែខើចហើយ។ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ភ្នំពេញ មានទីតាំងនៅទល់មុខសាលមហាស្របចតុមុខ ឬមុខព្រះបរមរាជវាំង ៕
អត្ថបទ៖ ខឿន សាឃាង រូបភាព៖ សែត ប៊ុនថាន់