ថ្ងៃច័ន្ទ ទី១៨ ខែ​វិច្ឆិកា ឆ្នាំ២០២៤

Selena Gomez បង្ហាញគ្រប់អារម្មណ៍ គ្រប់រសជាតិក្នុងភាពយន្តថ្មី

១៥ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 

តារាចម្រៀងនិងសម្ដែងដ៏ល្បី Selena Gomez បានឱ្យដឹងថាភាពយន្តថ្មីមានចំណងជើងថា “Emilia Pérez” បានអនុញ្ញាតឱ្យនាងបង្ហាញគ្រប់អារម្មណ៍ទាំងកម្សត់ និងរីករាយ ព្រមទាំងទេពកោសល្យក្នុងការច្រៀងនិងរាំផងដែរ។

 


“Emilia Pérez” (អេមីលៀ ភើរ៉េស) ស្នាដៃសម្ដែងថ្មីពីតារាសិចស៊ី Selena Gomez គឺជាភាពយន្តបែបល្ខោនតន្ត្រី និងឧក្រិដ្ឋកម្មដែលទទួលបានការសរសើរខ្លាំងបំផុត ថែមទាំងបានឈ្នះពានរង្វាន់ផងដែរនៅមហោស្រពភាពយន្តទីក្រុងកានឆ្នាំ ២០២៤ កាលពីខែឧសភាកន្លងទៅ។ ថ្មីៗនេះ តួសម្ដែងសំខាន់ៗក៏បានជួបជុំគ្នាម្ដងទៀតដើម្បីផ្សព្វផ្សាយសម្រាប់ការចាក់បញ្ចាំងសាធារណៈផ្លូវការ។

 


ភាពយន្តនិយាយភាសាអេស្ប៉ាញមួយនេះដំណាលរឿងអំពីតួអង្គឈ្មោះ Emilia Pérez (អេមីលៀ ភើរ៉េស) ជាប្រធានក្រុមជួញដូរគ្រឿងញៀនដែលព្យាយាមធ្វើការវះកាត់ប្តូរភេទ សម្ដែងដោយតារាកែភេទអេស្ប៉ាញ Karla Sofía Gascón (កាឡា សូហ្វៀ ហ្កាស្កុន)។ តួអង្គសំខាន់៣រូបទៀតរួមមាន Selena Gomez, តារាសម្ដែងស្រី Zoe Saldaña (ហ្សូអ៊ី សាល់ដាញ៉ា) និងតារាប្រុស Édgar Ramírez (អេដហ្គា រ៉ាមីរ៉េស)។

 


ក្នុងពិធីសម្ពោធកាលពីពេលថ្មីៗនេះ Selena Gomez បានឱ្យដឹងថាភាពយន្តថ្មីនេះបានអនុញ្ញាតឱ្យនាងបង្ហាញគ្រប់អារម្មណ៍មានទាំងកម្សត់ និងរីករាយ ព្រមទាំងទេពកោសល្យក្នុងការរាំ និងច្រៀងជាភាសាអេស្ប៉ាញផងដែរ។ តារាវ័យ ៣២ឆ្នាំរូបនេះបន្ថែមថា ការគាំទ្រដែលនាងទទួលបានសម្រាប់ភាពយន្តនេះ គឺជាអំណោយដ៏មានតម្លៃបំផុតសម្រាប់ការអត់ធ្មត់ និងការប្រឹងប្រែងជម្នះភាពភ័យខ្លាចរបស់នាងសម្រាប់ការសម្ដែងនាពេលកន្លងមក។

 


ភាពយន្ត “Emilia Pérez” (អេមីលៀ ភើរ៉េស) ត្រូវបានកំណត់ចាក់បញ្ចាំងនៅរោងភាពយន្តមួយចំនួនចាប់ពីខែវិច្ឆិកា រហូតដល់ដើមឆ្នាំ២០២៥ ខណៈនៅលើ Netflix នឹងមានចាក់ផ្សាយចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ៕

 


 

 

ប្រែសម្រួល៖ វ៉ាន់ថន

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024