ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ស្ត្រីដែលរៀបការរួចហើយជាង៥០០នាក់ដែលមកពីភូមិចំនួន៥២បានជួបជុំគ្នាកាលពីថ្ងៃសុក្រនៅស្រុកថាមថារី នៃរដ្ឋចាត់ទីសហ្កាត (Chhattisgarh) ប្រទេសឥណ្ឌា ដើម្បីចូលរួមពិធីសាសនាដែលមានឈ្មោះថាពិធីបួងសួងសូមកូន។
ពិធីខាងលើនេះរៀបចំឡើងដើម្បីលើកកម្ពស់ការបង្កើតកូនចៅឲ្យបានច្រើនដើម្បីស្នងវង្សត្រកូលតាមជំនឿរបស់ជនជាតិឥណ្ឌា។ តាមរយៈវីឌីអូឃ្លីបដែលទទួលបានបានបង្ហាញថាស្ត្រីទាំងនោះបានដេកសំដិលខ្លួននៅលើកម្រាលដើម្បីឲ្យអាចារ្យដែលជាអ្នកចាស់ព្រឹទ្ធចាស់ព្រេងប្រចាំតំបន់នេះ និងក៏ជាអ្នកគ្រូហ្មខាងព្យាបាលជំងឺផងដែរនោះដើរជាន់ពីលើខ្នង។
ពួកគេមានជំនឿថាការធ្វើបែបនេះចាត់ទុកជាការប្រសិទ្ធីឲ្យពួកគេទទួលបានកូនតាមបំណងប្រាថ្នា។ នៅពេលរៀបចំពិធីនោះ គេឃើញថាមនុស្សរាប់ពាន់នាក់បានចោមរោមមកមើលនៅពេលលោកអាចារ្យកាន់ទង់ធំៗដើរក្រវែលជុំវិញស្ត្រីទាំងនោះ រួចដើរចូលទៅក្នុងវិហារហិណ្ឌូដែលជាទីគង់នៅនៃទេពធីតាអង់កាម៉ូទី (Angaarmoti)។
នារីម្នាក់ដែលមកចូលរួមពិធីនេះប្រាប់ថានាងបការបីឆ្នាំហើយ ហើយមិនទាន់មានកូននៅឡើយទេ។ ដូច្នេះ នាងគាត់ក៏មកទីនេះដើម្បីចូលរួមពិធីសូមកូន។ នាងដឹងតាមរយៈអ្នកស្គាល់គ្នាប្រាប់ថាបើនរណាមកទីនេះមិនថាជាគូស្រករដែលមិនទាន់មានកូន ឬអ្នកដែលមានជំងឺតម្កាត់អ្វីទេ ព្រះម៉ែអាចជួយបាន។ អ្នកដែលដង្ហែតាមលទ្ធិនេះមានជំនឿថាអាចារ្យទាំងនេះត្រូវវិញ្ញាទេពធីតាអង់កាម៉ូទីចូលសណ្ឋិតទើបបានជាធ្វើឲ្យការដើរជាន់របស់ពួកគេហាក់ដូចជាគ្មានអារម្មណ៍ឈឺសូម្បីតែបន្តិច។ អ្នកចូលរួមពិធីនេះអាចទទួលបានប្រយោជន៍ជាច្រើន។
នៅពេលព្រះម៉ែយាងមកដល់ ស្ត្រីទាំងនេះក៏ចាប់ផ្ដើមគេងផ្កាប់មុខដើម្បីឲ្យព្រះអង្គដើរជាន់ពីលើពួកគេ។ ខាងលើនេះជាការរៀបរាប់របស់លោកអាចារ្យម្នាក់។ គាត់ប្រាប់ថាពិធីនេះមិនផ្ដោតសំខាន់ទៅលើការមានកូនតែ១មុខនោះឡើយ។ អ្នកមកសូមពរជ័យក៏អាចទទួលបានសុខភាពល្អ និងរកស៊ីមានបានផងដែរ។ ពិធីនេះរៀបចំរយៈពេលជាង៥០០ឆ្នាំមកហើយ៕
ប្រែសម្រួល៖ អន សំអាង